10 តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
11 ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។
12 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។
13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បង
14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ
15 ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
16 ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។