12 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។
13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បង
14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ
15 ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
16 ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
17 អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
18 អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងនៅផ្ទះកូនច្បង