6 ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។
7 ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
8 លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។
9 ភរិយារបស់លោកពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះ ដល់កាលណាទៀត សូមដាក់បណ្ដាសាព្រះជាម្ចាស់ ហើយស្លាប់ទៅចុះ!»។
10 លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីព្រះជាម្ចាស់យ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីព្រះអង្គយ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសម្ដីឡើយ។
11 មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
12 ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។