យ៉ូប 2:9-13 KHSV

9 ភរិយា​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​ព្រះ‌ជាម្ចាស់ ហើយ​ស្លាប់​ទៅ​ចុះ!»។

10 លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះ‌ជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សម្ដី​ឡើយ។

11 មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណា‌អាម៉ា។

12 ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។

13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។