2 ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់។
3 គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន។
4 ដោយលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។
5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
6 លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖«ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រមិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
7 ខ្ញុំតែងគិតថា មនុស្សមានអាយុវែងរមែងប្រសប់និយាយអ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។
8 ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្សគឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះទើបផ្ដល់ឲ្យគេយល់ដឹងបាន។