13 ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថាព្រះអង្គមិនឆ្លើយតបនឹងពាក្យរបស់លោកដូច្នេះ?
14 ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗតែគ្មាននរណាចាប់អារម្មណ៍ទេ។
15 ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិតាមរយៈសុបិននិមិត្តនារាត្រីកាលក្នុងពេលដែលមនុស្សកំពុងតែដេកលង់លក់មិនដឹងខ្លួន។
16 ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គឲ្យគេយល់យ៉ាងច្បាស់ផង។
17 ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាកចេញពីអំពើអាក្រក់ហើយការពារមនុស្សកុំឲ្យមានអំនួត
18 ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅនិងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។
19 ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈការឈឺចាប់ដែរ គឺនៅពេលដែលគេដេកឈឺចុកចាប់សព្វសព៌ាង្គកាយ។