3 ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា“ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើងដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?”ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដីដ៏អស្ចារ្យដោយពុំដឹងខ្លួនគឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញាដែលទូលបង្គំអាចយល់ និងអាចស្គាល់។
4 ព្រះអង្គមានព្រះបន្ទូលទៀតថា“ចូរស្ដាប់សេចក្ដីដែលយើងថ្លែងយើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”
5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយអំពីព្រះអង្គឥឡូវនេះ ទូលបង្គំឃើញព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង។
6 ហេតុនេះ ទូលបង្គំសូមសារភាពកំហុសហើយដាក់ខ្លួនដោយក្រាបនៅក្នុងធូលីដី និងផេះ»។
7 ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។
8 ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
9 លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។