យ៉ូប 42:9-15 KHSV

9 លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។

10 នៅ​ពេល​ដែល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។

11 បង‌ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។

12 ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។

13 លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។

14 លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមី‌ម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ី‌យ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-‌ហាពូក»។

15 នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បង‌ប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។