1 ក្នុងរជ្ជកាលព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់ប្រោសប្រទានឲ្យលោកអេសាយ ជាកូនរបស់លោកអម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
2 ផ្ទៃមេឃអើយ ចូរស្ដាប់!ផែនដីអើយ ចូរផ្ទៀងត្រចៀក!ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនយើងបានអប់រំពួកវាតែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
3 គោស្គាល់ម្ចាស់វារីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរតែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
4 អ្នករាល់គ្នាជាប្រជាជាតិមានបាបជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយអ្នករាល់គ្នាត្រូវវេទនាជាពុំខាន!អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់អ្នករាល់គ្នាបានមើលងាយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
5 យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នាត្រង់កន្លែងណាទៀតទេព្រោះអ្នករាល់គ្នានៅតែបះបោរប្រឆាំងនឹងយើងជានិច្ច។ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែងចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
6 តាំងពីក្បាលរហូតដល់ចុងជើងគ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែងដែលគ្មាននរណាលាង រុំ ឬលាបប្រេងឲ្យធូរស្បើយឡើយ។
7 ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោចក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់ជនបរទេសប្លន់យកផលពីទឹកដីរបស់អ្នករាល់គ្នានៅនឹងមុខដូចមានខ្មាំងមករាតត្បាតឥតទុកអ្វីឲ្យនៅសល់ឡើយ
8 គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទមនៅក្នុងចម្ការទំពាំងបាយជូរឬដូចខ្ទមនៅចម្ការត្រសក់ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
9 ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល*មិនបានទុកយើងឲ្យនៅសេសសល់មួយចំនួនតូចទេនោះយើងមុខជាវិនាសដូចអ្នកក្រុងសូដុមយើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
10 អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ដូចមេដឹកនាំក្រុងសូដុមអើយចូរស្ដាប់ការប្រៀនប្រដៅរបស់ព្រះអម្ចាស់!អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅរបស់ព្រះនៃយើង!
11 ព្រះអម្ចាស់មានព្រះបន្ទូលថា៖យើងមិនរវីរវល់នឹងយញ្ញបូជាដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេយើងធុញទ្រាន់នឹងពពែឈ្មោលព្រមទាំងខ្លាញ់កូនគោដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើងហើយយើងក៏មិនពេញចិត្តនឹងឈាមគោឈាមចៀម និងឈាមពពែរបស់អ្នករាល់គ្នាដែរ។
12 ពេលអ្នករាល់គ្នាចូលមករកយើងតើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ទីលានដំណាក់របស់យើងដូច្នេះ?
13 ចូរឈប់យកតង្វាយឥតបានការនេះមកថ្វាយយើងទៅ!យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗបុណ្យចូលខែថ្មី បុណ្យសប្ប័ទ*ឬពិធីដ៏ឱឡារិកដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
14 យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាណាស់ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់ទ្រាំមិនបាន។
15 កាលណាអ្នករាល់គ្នាលើកដៃប្រណម្យយើងងាកមុខចេញទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដីក៏យើងមិនព្រមស្ដាប់ដែរព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
16 ចូរលាងសម្អាត និងជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ!ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅកុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
17 ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!ចូររកយុត្តិធម៌ឲ្យក្មេងកំព្រាហើយការពារស្ត្រីមេម៉ាយ!
18 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ចូរមកយើងពិភាក្សាជាមួយគ្នាទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្ដីក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយវានឹងប្រែជា សដូចកប្បាស។
19 ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើងអ្នករាល់គ្នានឹងបរិភោគផលល្អៗនៅក្នុងស្រុកនេះ។
20 ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រមហើយមានចិត្តរឹងចចេសអ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21 ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់បែរជាខូច អស់បែបនេះ?ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រងសុទ្ធតែជាឃាតក!
22 អ្នកក្រុងយេរូសាឡឹមអើយប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
23 អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរពួកគេចូលដៃជាមួយចោរពួកគេចូលចិត្តសំណូកហើយគិតតែពីស្វះស្វែងរកជំនូនគឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
24 ហេតុនេះហើយបានជាព្រះជាអម្ចាស់នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដារបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើងហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
25 យេរូសាឡឹមអើយយើងនឹងវាយប្រដៅអ្នកយើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុយើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មងចេញពីអ្នកដែរ។
26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកបានដូចចៅក្រមនៅជំនាន់ដើមហើយធ្វើឲ្យទីប្រឹក្សារបស់អ្នកបានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត”“បុរីដ៏ស្មោះត្រង់”។
27 យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូនឲ្យមានសេរីភាពហើយសេចក្ដីសុចរិតក៏នឹងរំដោះប្រជាជនដែលកែប្រែចិត្តគំនិតឲ្យមានសេរីភាពដែរ។
28 រីឯពួកបះបោរ មនុស្សបាបនិងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញគេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
29 ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះទុកជាកន្លែងធ្វើសក្ការបូជាដែរ។
30 ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះដែលមានស្លឹកក្រៀមស្ងួតហើយដូចសួនឧទ្យានដែលគ្មានទឹក។
31 មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួតហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើងដែលឆេះជាមួយគ្នាគ្មាននរណាពន្លត់បានឡើយ។