អេសាយ 13 KHSV

សេចក្ដី​ប្រកាស​ប្រឆាំង​នឹង​ប្រជា‌ជាតិ​នានា

ទោស​របស់​រាជា‌ណាចក្រ​បាប៊ី‌ឡូន

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:

2 «ចូរ​លើក​ទង់​សញ្ញា​មួយនៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហានទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។

3 យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អស់​អ្នកដែល​ប្រគល់​ជីវិត​មក​យើងគឺ​ហៅ​អ្នក​ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ​មកដើម្បី​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​តាមកំហឹង​របស់​យើងពួក​គេ​នឹង​មាន​អំណរ​សប្បាយដោយ​យើង​មាន​ជ័យ‌ជំនះ»។

4 ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករគឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។

5 អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗគឺ​មក​ពី​ជើង​មេឃ ព្រះ‌អម្ចាស់​នឹង​ប្រើ​ពួក​គេដើម្បី​សម្រេច​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គនិង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

6 ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​បង្កើយ​ហើយ។នៅ​ថ្ងៃ​នោះ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។

7 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នាបាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។

8 ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួនដូច​ស្ត្រី​ដែល​កំពុង​តែ​សម្រាល​កូន។ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មកទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។

9 មើល៍ ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោសស្រប​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត។ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជាទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំមនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។

10 ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃនឹង​លែង​បញ្ចេញ​ពន្លឺព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។

11 យើង​នឹង​ដាក់​ទោស​មនុស្ស​លោកព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្តយើង​នឹង​ដាក់​ទោស​មនុស្ស​ពាលព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។

12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុតគឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់និង​មាស​ដ៏​ល្អ​បំផុតទៅ​ទៀត។

13 នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលខ្ញាល់​នឹង​មនុស្ស​លោកផ្ទៃ​មេឃ​នឹង​កក្រើក​រំពើកផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វាដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ។

14 ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួនហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រានឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។

15 អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

16 ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។

17 យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌីឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

18 ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជនហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើបនឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។

19 រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុងរាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេមាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

20 ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅលែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួនទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

21 មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មកស្នាក់​អាស្រ័យ​នៅមាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះសត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅសត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ឥត​ពន្យារ​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66