1 ព្រះអម្ចាស់មានព្រះបន្ទូលថា:លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រជាអ្នកដែលយើងបានជ្រើសរើសនិងជាទីគាប់ចិត្តរបស់យើង។យើងដាក់វិញ្ញាណរបស់យើងលើលោក។លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យ។
2 លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។
3 លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណាដែលទក់ហើយនោះទេហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរលោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន!
4 លោកនឹងមិនទន់ខ្សោយឡើយលោកអង់អាចជានិច្ចរហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យនៅលើផែនដីហើយមនុស្សនៅតាមកោះនានានាំគ្នារង់ចាំទទួលវិន័យពីលោក។
5 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗទាំងអស់កកើតឡើង។ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យសត្វលោកទាំងឡាយនៅលើផែនដីហើយប្រទានជីវិតឲ្យអស់អ្នកដែលចរយាត្រានៅលើផែនដីនេះ។
6 យើងនេះហើយជាព្រះអម្ចាស់!យើងបានហៅអ្នកមកស្របតាមសេចក្ដីសុចរិតរបស់យើង។យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែកហើយតែងតាំងអ្នកជាសម្ពន្ធមេត្រីសម្រាប់ប្រជាជនឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
7 ប្រោសមនុស្សខ្វាក់ឲ្យភ្លឺនាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំងព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹត ឲ្យបានចេញរួចផង។
8 យើងមាននាមថា ព្រះអម្ចាស់យើងមិនប្រគល់សិរីរុងរឿងរបស់យើងទៅឲ្យព្រះណាផ្សេងទៀតឡើយ!យើងក៏មិនឲ្យព្រះក្លែងក្លាយណាទទួលការសរសើរតម្កើងជំនួសយើងដែរ!
9 មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាននៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយយើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនូវហេតុការណ៍ឯទៀតៗដែលនឹងកើតមានគឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុនហេតុការណ៍ទាំងនោះកកើតជារូបរាង។
10 អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីអស់អ្នកដែលធ្វើដំណើរតាមសមុទ្រនិងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រកោះទាំងឡាយព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ចូរសរសើរតម្កើងព្រះអង្គ!
11 អស់អ្នកដែលរស់នៅតាមវាលរហោស្ថាននិងតាមភូមិនានាក្នុងវាលរហោស្ថានអើយចូរនាំគ្នាបន្លឺសំឡេងឡើង!អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារនិងអ្នកក្រុងសេឡាអើយចូរនាំគ្នាស្រែកហ៊ោរំពងឡើង!អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយចូរនាំគ្នាស្រែកអបអរសាទរ!
12 ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយសរសើរតម្កើងព្រះអង្គនៅតាមកោះទាំងឡាយ!
13 ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គយ៉ាងខ្លាំងព្រះអង្គយាងចេញទៅដូចវីរជនដូចអ្នកចំបាំងដ៏ចំណានព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លាហើយយកជ័យជំនះលើខ្មាំងសត្រូវ។
14 ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនៅស្ងៀមតាំងពីយូរណាស់មកហើយយើងនៅសំងំ យើងខំទប់ចិត្តឥឡូវនេះ យើងស្រែកដង្ហក់ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន!
15 យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូចយើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិតយើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោកហើយឲ្យបឹងបួរីងហួតហែង។
16 យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវដែលគេពុំស្គាល់យើងនឹងដឹកដៃគេដើរតាមផ្លូវដែលគេពុំធ្លាប់ដើរយើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺនៅមុខពួកគេហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជាផ្លូវរាបស្មើ។យើងពិតជាធ្វើដូច្នោះមែនគឺយើងនឹងសម្រេចការទាំងនោះពុំខាន។
17 រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួនមុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
18 មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង!មនុស្សខ្វាក់អើយ ចូរបើកភ្នែកហើយមើលឃើញទៅ!
19 តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើងតើនរណាថ្លង់ដូចអ្នកនាំពាក្យដែលយើងចាត់ឲ្យមក?តើនរណាខ្វាក់ដូចអ្នកដែលយើងស្រោចស្រង់ឡើងវិញគឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់?
20 អ្នកបានឃើញហេតុការណ៍ជាច្រើនតែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេអ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
21 ដោយព្រះអម្ចាស់សុចរិតព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
22 ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិត្រូវធ្លាក់ទៅក្នុងអន្ទាក់ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ខ្មាំងសត្រូវបានប្លន់ពួកគេតែគ្មាននរណារំដោះពួកគេឡើយខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេតែគ្មាននរណាអើពើទាមទាររបស់ទាំងនោះឲ្យពួកគេវិញដែរ។
23 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ?ទៅអនាគត តើមាននរណាយកចិត្តទុកដាក់ស្ដាប់?
24 តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុបទៅឲ្យខ្មាំងរឹបអូស?តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែលទៅឲ្យខ្មាំងប្លន់ដូច្នេះ?គឺព្រះអម្ចាស់ដែលធ្វើដូច្នេះព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គយើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។
25 ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធមកលើស្រុកអ៊ីស្រាអែលដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើងឆេះរាលដាលគ្រប់ទិសទី។ប៉ុន្តែ ទោះបីយ៉ាងនេះក្ដីក៏ពួកគេពុំបានភ្ញាក់ខ្លួនហើយទោះបីគេហិនហោចយ៉ាងនេះក្ដីក៏គេពុំអើពើដែរ។