1 - តើអ្នកដែលមកពីក្រុងបូសរ៉ានៅស្រុកអេដុមហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅព្រមទាំងដើរយ៉ាងអង់អាចសម្តែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា?- គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌យើងមករករឿងប្រជាជាតិនានាដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
2 - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
3 - ពិតមែនហើយ យើងបានជាន់ផ្លែទំពាំងបាយជូរតែម្នាក់ឯងគឺក្នុងចំណោមប្រជាជនគ្មាននរណាម្នាក់នៅជាមួយយើងឡើយ។យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើងយើងបានជាន់កម្ទេចពួកគេព្រោះយើងខឹងជាខ្លាំង។ឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើងហើយសម្លៀកបំពាក់របស់យើងប្រឡាក់ទៅដោយឈាម។
4 យើងបានគ្រោងទុកថានឹងដាក់ទោសពួកគេនៅថ្ងៃនេះឆ្នាំកំណត់ដែលយើងត្រូវលោះប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
5 យើងរំពៃមើលតែគ្មាននរណាម្នាក់មកជួយយើងទេយើងអស់សង្ឃឹមព្រោះគ្មាននរណាម្នាក់គាំទ្រយើងឡើយដូច្នេះ យើងក៏ប្រើឫទ្ធិបារមីរបស់យើងដើម្បីសង្គ្រោះខ្លួនយើងហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
6 យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយមកពីយើងខឹងយ៉ាងខ្លាំងយើងដាក់ទោសគេយ៉ាងសែនវេទនាយើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
7 ខ្ញុំសូមរំឭកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ចំពោះកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែលព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែលគឺកិច្ចការដែលព្រះអង្គបានសម្តែងចំពោះពួកគេដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលប់និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។
8 ព្រះអង្គមានព្រះបន្ទូលថា:អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែនពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត!ព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ច
9 គ្រប់ពេលពួកគេមានអាសន្នព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀតឲ្យមកសង្គ្រោះគេទេគឺព្រះអង្គបានសង្គ្រោះពួកគេដោយផ្ទាល់ព្រះអង្គ។ព្រះអង្គបានលោះពួកគេដោយព្រះហឫទ័យស្រឡាញ់និងព្រះហឫទ័យមេត្តាករុណា។ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃតាំងពីដើមរៀងមក។
10 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែនាំគ្នាបះបោរពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធខកព្រះហឫទ័យហើយប្រឆាំងនឹងពួកគេវិញគឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
11 ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ជំនាន់លោកម៉ូសេ។តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា?តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
12 ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿងញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញរហូតតរៀងទៅ។
13 ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រដូចសេះបោលនៅវាលរហោស្ថានគេមិនជំពប់ដួលឡើយ។
14 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាកនៅតាមជ្រលងភ្នំដែរ។ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គបែបនេះដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញថ្កុំថ្កើងរុងរឿង។
15 សូមទ្រង់ទតមើលពីលើមេឃគឺពីព្រះដំណាក់ដ៏វិសុទ្ធនិងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុតនិងភាពអង់អាចរបស់ព្រះអង្គ!ហេតុដូចម្ដេចបានជាព្រះអង្គលែងអាណិតមេត្តាលែងអាណិតអាសូរទូលបង្គំដូច្នេះ!
16 បពិត្រព្រះអម្ចាស់ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេលោកអ៊ីស្រាអែលក៏ពុំដែលបានឃើញយើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះបិតារបស់យើងខ្ញុំហើយតាំងពីដើមរៀងមក យើងតែងហៅព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
17 ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ារបស់ព្រះអង្គដូច្នេះ?ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំមានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាចព្រះអង្គដូច្នេះ?សូមយាងមកវិញសូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើនិងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
18 យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គមិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈរបស់ព្រះអង្គ។
19 តាំងពីយូរណាស់មកហើយយើងខ្ញុំជាប្រជារាស្ត្រដែលព្រះអង្គលែងគ្រប់គ្រងព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្ររបស់ព្រះអង្គ។