អេសាយ 61 KHSV

ដំណឹង‌ល្អ​ស្ដី​អំពី​ការ​សង្គ្រោះ

1 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់សណ្ឋិត​លើ​ខ្ញុំដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្តប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថាពួក​គេ​នឹង​រួច​ខ្លួនហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថាពួក​គេ​នឹង​មាន​សេរី‌ភាព

2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែងព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើងដាក់​ទោស​មនុស្ស​អាក្រក់ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

3 គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរជំនួស​ខោ‌អាវ​ដាច់‌ដាច។ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹមទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិតជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

4 ពួក​គេ​នឹង​សង់​ក្រុងដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណឲ្យ​មាន​រូប​រាង​ឡើង​វិញ។ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោលជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

5 សាសន៍​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នាកូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដីហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។

6 ចំណែក​អ្នក​រាល់​គ្នា​វិញអ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថាបូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថាអ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យរបស់​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មានតម្លៃ​របស់​ពួក​គេ។

7 អ្នក​រាល់​គ្នា​លែង​អាម៉ាស់និង​លែង​បាក់​មុខ​ទៀត​ហើយអ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេមួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌កអ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយអស់‌កល្ប​ជា‌និច្ច។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាយើង​ចូល​ចិត្ត​យុត្តិធម៌ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវយើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

9 ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នាហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បីនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថាពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។

10 ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្តព្រោះ​តែ​ព្រះ​របស់​ខ្ញុំដ្បិត​ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ព្រះ‌អង្គ​បាន​យក​សេចក្ដី​សុចរិតមក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។

11 ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិតនិង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះនៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66