អេសាយ 45 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅស្ដេច​ស៊ីរូស ដែល​ព្រះ‌អង្គ​បានចាក់​ប្រេង​អភិសេក​នោះ​ថា៖«យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នកយើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នកហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នករហូត​ត​រៀង​ទៅ។

2 យើង​នឹង​ដើរ​នៅ​មុខ​អ្នកយើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើយើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។

3 យើង​នឹង​ប្រគល់​មាស​ប្រាក់ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នកព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែលគេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។

4 យើង​ហៅ​អ្នក​ចំ​ឈ្មោះព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​ឲ្យ​អ្នកទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុបជា​អ្នក​បម្រើ​របស់​យើងគឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស។

5 យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដីក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច

6 ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូលតាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិចទទួល​ស្គាល់​ថា ក្រៅ​ពី​យើងព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។

7 យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹតយើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនាគឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។

8 ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​សន្សើមចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មកដូច​ទឹក​ភ្លៀងចូរ​ឲ្យ​ផែនដី​បើក​ចំហដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើងនិង​ឲ្យ​សេចក្ដី​សុចរិតពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​អ្នក​នោះ​មក»។

9 អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួនអ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូនដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង!ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!

10 អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា“ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក”អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។

11 រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មកទ្រង់​មាន​ព្រះ‌បន្ទូល​ថា“តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើងអំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើនៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ?អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការដែល​យើង​ត្រូវ​ធ្វើ​ឬ?

12 យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដីព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់នៅ​លើ​ផែនដី​នេះ​ផងយើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ដៃ​របស់​យើង​ផ្ទាល់ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាននៅ​លើ​មេឃ​ដែរ”។

13 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើងតាម​សេចក្ដី​សុចរិត​របស់​យើងយើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើងដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញដោយ​មិន​បាច់​បង់​ពិន័យឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:សម្បត្តិ​របស់​ស្រុក​អេស៊ីបនិង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពីរីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបានឹង​ឆ្លង​កាត់​តាម​អ្នកហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នកទាំង​ជាប់​ច្រវាក់គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នកហើយ​ប្រកាស​ប្រាប់​អ្នក​ថា:“ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែនក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ណា​ទៀត​ទេដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។

15 ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ជា​ព្រះ‌សង្គ្រោះ​អើយមនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះ‌អង្គ​ណាស់!

16 អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមាត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នាពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។

17 ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញគេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ព្រះ‌អង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។

18 ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃព្រម​ទាំង​សូន​ផែនដីព្រះ‌អង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំព្រះ‌អង្គ​មិន​បាន​បង្កើត​ផែនដី​មកដើម្បី​ឲ្យ​នៅ​ទទេ​ឡើយគឺ​ព្រះ‌អង្គ​បាន​បង្កើត​ផែនដីឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:“គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។

19 យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀមក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុបឲ្យ​ស្វែង​រក​យើង នៅ​កន្លែងដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវអ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។

20 អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយចូរ​ប្រមែ‌ប្រមូល​គ្នា​មកចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះសុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។

21 ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើលចូរ​ពិភាក្សា​គ្នា​ទៅ។តាំង​ពី​បុរាណ​កាល​មកតើ​នរណា​បាន​ប្រាប់​ទុក​ជា​មុននូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ានដែល​កើត​មាន​នៅ​ពេល​នេះ?គឺ​មាន​តែ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​ប៉ុណ្ណោះដែល​បាន​ប្រាប់​ជា​មុនក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះ‌សង្គ្រោះក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ដ៏​សុចរិតណា​ទៀត​ឡើយ។

22 អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយចូរ​នាំ​គ្នា​បែរ​មក​រក​យើងយើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នាដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។

23 អ្វីៗ​ដែល​យើង​និយាយ​ចេញ​មកសុទ្ធ​តែ​ជា​ពាក្យ​សច្ចៈមិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិកក្នុង​នាម​យើង​ផ្ទាល់​ថាមនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើងហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថានឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។

24 គេ​នឹង​ពោល​ថាមាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះ‌អង្គ​ទេដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រនិង​មាន​ព្រះ‌ចេស្ដា។រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះ‌អង្គនឹង​មក​រក​ព្រះ‌អង្គ​ទាំង​អាម៉ាស់។

25 ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិតហើយ​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អម្ចាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66