អេសាយ 43 KHSV

ព្រះ‌អម្ចាស់​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅរបស់​លោក​យ៉ាកុប​អើយឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើតនិង​សូន​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖កុំ​ភ័យ​ខ្លាច​អ្វី​ឡើយដ្បិត​យើង​បាន​លោះ​អ្នកយើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។

2 ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នកប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេអណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ

3 ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវដើម្បី​លោះ​អ្នកយើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពីនិង​ស្រុក​សេបាជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

4 យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នកគឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេជា​ថ្នូរ​លោះ​អ្នកដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លប់ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។

5 កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នកយើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើតឲ្យ​វិល​ត្រឡប់​មក​វិញហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នកពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។

6 យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើងឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញយើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូងមិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូលកូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុកឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ

7 គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូលជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើតដើម្បី​បង្ហាញ​សិរី‌រុងរឿង​របស់​យើង។

អ៊ីស្រា‌អែល​ជា​សាក្សី​របស់​ព្រះ‌អម្ចាស់

8 ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មកពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញមាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។

9 ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នាឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នាក្នុង​ចំណោម​ព្រះ​របស់​ពួក​គេតើ​មាន​ព្រះ​ណា​បាន​ប្រាប់ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ?តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹងអំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង?ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សីនិង​បង្ហាញ​ភស្ដុតាង​មកដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថាពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើងអ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នាដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើងព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេជា​ព្រះ‌ជាម្ចាស់។នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេនៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

11 មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ

12 មាន​តែ​យើង​ទេដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹងនិង​សង្គ្រោះ​អ្នក​រាល់​គ្នារីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើងហើយ​យើង​ជា​ព្រះ‌ជាម្ចាស់- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាមាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃរបស់​យើង​បាន​ទេអ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយគ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។

14 ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នាគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ដោយ​យល់​ដល់​អ្នក​រាល់​គ្នាយើង​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​បាប៊ី‌ឡូនដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ពេល​នោះ ជន‌ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់‌ខ្ចាយដោយ​ជិះ​សំពៅជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។

15 យើង​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​អ្នក​រាល់​គ្នាយើង​ជា​ព្រះ‌មហា‌ក្សត្រ​ដែល​បានបង្កើត​អ្នក​រាល់​គ្នា។

ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោ‌ស្ថាន

16 ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយគឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ

17 ព្រះ‌អង្គ​ដែល​បាន​ប្រមូល​កង‌ទ័ពមាន​រទេះ​ចំបាំង កង‌ពល​សេះព្រម​ទាំង​ទាហាន​ដ៏​អង់‌អាចព្រះ‌អង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យក្រោក​ពុំ​រួចគឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេងព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

18 កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាននៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វីកុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាននៅ​បុរាណ​កាល​ដែរ។

19 បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មានព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើងព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មកតើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថានព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរនៅ​វាល​ហួត‌ហែង​ទៀត​ផង។

20 សត្វ​ព្រៃ​ទាំង‌ឡាយគឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើមនឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើងដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹកក្នុង​វាល​រហោ‌ស្ថាននិង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែងដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជនដែល​យើង​បាន​ជ្រើស​រើស

21 គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើងដើម្បី​សរសើរ​តម្កើង​យើង។

22 ពូជ‌ពង្ស​យ៉ាកុប​អើយអ្នក​ពុំ​បាន​ហៅ​រក​យើង​ទេអ៊ីស្រា‌អែល​អើយអ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។

23 អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជាតែ​មិន​មែន​ថ្វាយ​យើង​ទេអ្នក​ធ្វើ​យញ្ញ‌បូជាតែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។យើង​មិន​បាន​បង្ខិត‌បង្ខំអ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើងយើង​ក៏​មិន​បាន​ឲ្យ​អ្នកនឿយ‌ហត់​ដុត​ធូប​ដែរ។

24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូបតែ​មិន​មែន​សម្រាប់​យើង​ទេហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជាតែ​មិន​មែន​ដើម្បី​ចំអែត​យើង​ឡើយ។ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នកអ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើងឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញអ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

25 ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរសនិង​ដោយ​យល់​ដល់​នាម​របស់​យើងយើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នកយើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាបរបស់​អ្នក​ទៀត​ឡើយ។

26 ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល!យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នាចូរ​និយាយ​ការពារ​ខ្លួនដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!

27 យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នកបាន​ប្រព្រឹត្ត​អំពើ​បាបហើយ​ពួក​តំណាង​របស់​អ្នកក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។

28 ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាប‌បន្ថោកមេ​ដឹក​នាំ​ព្រះ‌វិហារយើង​ឲ្យ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុបយើង​ឲ្យ​គេ​ប្រមាថ​មើល‌ងាយប្រជា‌ជន​អ៊ីស្រា‌អែល។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66