1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជយភ័ណ្ឌឲ្យលឿន!”»។
2 ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី។
3 ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
4 ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។
5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖
6 «ដោយប្រជាជនមាក់ងាយទឹកដែលហូរយ៉ាងស្រួលនៅប្រឡាយស៊ីឡោមហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីនព្រមទាំងស្ដេចពេកាវិញនោះ
7 ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំងបំផ្លាញពួកគេពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
8 ទន្លេនេះនឹងហូរមកលើទឹកដីយូដាហើយជន់ឡើង លិចរហូតដល់ក។ឱព្រះអេម៉ាញូអែលអើយ!ទឹកនេះនឹងជន់ឡើងលិចពាសពេញទឹកដីរបស់ព្រះអង្គ។
9 ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ!ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យអស់អ្នកដែលស្ថិតនៅទីដាច់ស្រយាលនៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់!អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹកតែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន!ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹកតែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។
10 អ្នករាល់គ្នារៀបចំផែនការតែផែនការទាំងនោះនឹងត្រូវរលាយសូន្យអ្នករាល់គ្នាចាត់វិធានការតែវិធានការនោះមិនអាចសម្រេចឡើយដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
11 ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
12 អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរមិនត្រូវចាត់ទុកថាជាការបះបោរឡើយកុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាចគឺកុំញញើតឲ្យសោះ»។
13 អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថាមានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះដែលជាព្រះដ៏វិសុទ្ធអ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើតតែព្រះអង្គប៉ុណ្ណោះ។
14 ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈតែព្រះអង្គជាថ្មដែលនាំឲ្យប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិចជាសិលាដែលនាំឲ្យគេជំពប់ដួលហើយក៏ជាជង់ និងជាអន្ទាក់ដល់ក្រុងយេរូសាឡឹមដែរ។
15 មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះហើយដួលបាក់បែកខ្ទេចខ្ទាំពួកគេនឹងជាប់អន្ទាក់ហើយត្រូវព្រានចាប់យកទៅ។
16 ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។
17 ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
18 នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
19 ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
20 ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
21 គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លានពេលគេឃ្លាន គេក្ដៅក្រហាយហើយប្រទេចផ្ដាសាស្ដេច និងព្រះរបស់ខ្លួនគេងើយមើលទៅលើ
22 បន្ទាប់មក ពេលឈ្ងោកចុះមកដីឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹតហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។