1 ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំនិងចម្ការទំពាំងបាយជូររបស់គាត់។មិត្តសម្លាញ់របស់ខ្ញុំមានចម្ការទំពាំងបាយជូរមួយនៅលើជម្រាលភ្នំដែលមានជីជាតិល្អ
2 គាត់បានកាប់គាស់ដី រើសដុំថ្មចេញហើយដាំទំពាំងបាយជូរពូជល្អបំផុត។គាត់បានសង់ខ្ទមនិងជីកកន្លែងបញ្ជាន់ផ្លែនៅកណ្ដាលចម្ការនោះគាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះបែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។
3 មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយសូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
4 ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការនេះហើយ តើនៅខ្វះអ្វីទៀត?ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អតែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែផ្លែមិនល្អទៅវិញដូច្នេះ?
5 ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះគឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
6 ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែលគេបោះបង់ចោល គ្មានអ្នកណាលួសមែកគ្មានអ្នកណាជ្រួយដីទៀតឡើយគឺមានតែរពាក់ បន្លាដុះពាសពេញខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀងមកលើចម្ការនេះតទៅទៀតឡើយ។
7 ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែលដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់គឺប្រជាជនយូដា។ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើយុត្តិធម៌តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិតព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើសុចរិតតែព្រះអង្គបែរឮស្នូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
8 អស់អ្នកដែលរឹបអូសយកផ្ទះគេមកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯងក៏ត្រូវវេទនាដែរ!ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេងលែងមានដីទៀតហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់តែពួកគេប៉ុណ្ណោះ។
9 ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ផ្ទះដ៏ស្កឹមស្កៃទាំងនេះនឹងគ្មានមនុស្សនៅទៀតទេ។
10 ចម្ការទំពាំងបាយជូរបីហិកតានឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រស្រូវពូជដែលព្រោះទៅមួយរយគីឡូបានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
11 អស់អ្នកដែលក្រោកឡើងពីព្រលឹមស្វែងរកស្រាខ្លាំងហើយគិតតែផឹករហូតដល់អធ្រាត្រមុខជាត្រូវវេទនាពុំខាន!
12 ពួកគេគិតតែពីផឹកស្រាសប្បាយដោយមានសំឡេងពិណ និងចាប៉ីព្រមទាំងក្រាប់ និងខ្លុយលេងកំដរពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថាព្រះអង្គកំពុងសម្រេចការអ្វីទេ។
13 ហេតុនេះហើយបានជាខ្មាំងនឹងកៀរប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយដ្បិតពួកគេមិនយល់អ្វីទាំងអស់។អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
14 ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយមច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំលេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាចនៅក្រុងយេរូសាឡឹម។
15 មនុស្សលោកនឹងត្រូវអាប់អោនគេនឹងដួលផ្កាប់មុខដល់ដីមនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។
16 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្តែងភាពថ្កុំថ្កើងរបស់ព្រះអង្គដោយវិនិច្ឆ័យទោសពួកគេព្រះដ៏វិសុទ្ធនឹងសម្តែងភាពវិសុទ្ធរបស់ព្រះអង្គដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
17 ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែកដូចនៅតាមវាលស្មៅហើយពពែដែលគេបំប៉នក៏មកស៊ីស្មៅនៅតាមនោះដែរ។
18 អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាបដូចគោខំប្រឹងទាញរទេះមុខជាត្រូវវេទនាពុំខានព្រោះគេនឹងទទួលទោសតាមអំពើដែលខ្លួនប្រព្រឹត្ត។
19 ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅដើម្បីឲ្យយើងបានឃើញផង!សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗដើម្បីឲ្យយើងបានស្គាល់ផង!»។
20 អស់អ្នកដែលហៅអំពើអាក្រក់ថាល្អហៅអំពើល្អថាអាក្រក់ចាត់ទុកភាពងងឹតថាជាពន្លឺចាត់ទុកពន្លឺថាជាភាពងងឹតហើយចាត់ទុកការជូរចត់ថាជាការសប្បាយចាត់ទុកការសប្បាយថាជាការជូរចត់មុខជាត្រូវវេទនាពុំខាន!
21 អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញាហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹងមុខជាត្រូវវេទនាពុំខាន!
22 អស់អ្នកដែលពូកែខាងផឹកស្រាហើយជាជើងឯកខាងបិតស្រាខ្លាំងមុខជាត្រូវវេទនាពុំខាន!
23 ពួកគេទទួលសំណូកហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោសនិងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
24 ហេតុនេះ ពួកគេនឹងរលួយទាំងឫសផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដីដូចអណ្ដាតភ្លើងឆាបឆេះស្បូវឬដូចចំបើងត្រូវភ្លើងឆេះដែរដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅរបស់ព្រះអម្ចាស់នៃពិភពទាំងមូលហើយមាក់ងាយព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
25 ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើហើយនឹងមានសាកសពដូចជាសំរាមនៅពាសពេញតាមដងផ្លូវ។ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ព្រះអង្គនៅតែមិនស្ងប់ដែរព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
26 ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិដែលនៅឆ្ងាយៗព្រះអង្គធ្វើសញ្ញាហៅពួកគេពីស្រុកដាច់ស្រយាលនៃផែនដីពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
27 ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់គ្មាននរណាម្នាក់បាក់កម្លាំងហើយក៏គ្មាននរណាម្នាក់ងោកងុយឬដេកលង់លក់ដែរ។គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះឬស្រាយខ្សែស្បែកជើងសោះឡើយ។
28 ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ចធ្នូរបស់គេនៅត្រៀមជាស្រេចក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើបកង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។
29 សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហគេគ្រហឹមដូចជាកូនសិង្ហគ្រហឹមចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះឲ្យរួចបានឡើយ។
30 ក៏ប៉ុន្តែ នៅគ្រានោះនឹងមានឮសន្ធឹកដូចស្នូរសមុទ្របក់បោកមកលើប្រជាជាតិនេះ។ពេលក្រឡេកមើលស្រុកនោះគេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃឲ្យប្រែទៅជាងងឹតវិញ។