1 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងប្រជាជនអ៊ីស្រាអែលដែលយើងបានជ្រើសរើសអើយឥឡូវនេះ ចូរស្ដាប់យើង!
2 ព្រះអម្ចាស់ដែលបានបង្កើតអ្នកព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយព្រះអង្គដែលជួយអ្នក ទ្រង់មានព្រះបន្ទូលថា:យ៉ាកុបជាអ្នកបម្រើរបស់យើងយេស៊ូរូនដែលយើងបានស្រោចស្រង់អើយកុំភ័យខ្លាចអ្វីឡើយ!
3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែងយើងនឹងធ្វើឲ្យមានទឹកហូរនៅលើដីហួតហែងយើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើងទៅលើពូជពង្សអ្នកព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។
4 កូនចៅរបស់អ្នកនឹងចម្រើនឡើងដូចស្មៅត្រូវទឹកភ្លៀងនិងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
5 ពេលនោះ ម្នាក់ពោលថាខ្ញុំជាកូនចៅរបស់ព្រះអម្ចាស់ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកុបម្នាក់ទៀតចារលើបាតដៃថា“ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់”ព្រមទាំងមានមោទនភាពព្រោះខ្លួនជាជនជាតិអ៊ីស្រាអែល។
6 ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលគឺព្រះអម្ចាស់នៃពិភពទាំងមូលដែលបានលោះជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា:យើងនៅមុនគេ ហើយនៅក្រោយគេបំផុតក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
7 តើមានព្រះណាដូចយើង?ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក!គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមានចាប់ពីពេលយើងបង្កើតប្រជាជនតាំងពីអស់កល្បរៀងមកព្រមទាំងរៀបរាប់អំពីហេតុការណ៍ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយតាំងពីដើមរៀងមកយើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចអ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយក្រៅពីយើង តើមានព្រះណាទៀតទេ?ទេ! គ្មានថ្មដាណាទៀតឡើយយើងមិនដែលបានស្គាល់ទាល់តែសោះ។
9 អស់អ្នកដែលឆ្លាក់រូបបដិមាសុទ្ធតែជាមនុស្សឥតបានការរីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃក៏គ្មានសារប្រយោជន៍អ្វីដែរ។រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេតែជាសាក្សីដែលមិនចេះមើលហើយក៏មិនដឹងអ្វីដែរគឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
10 អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមាដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះពិតជាមនុស្សល្ងីល្ងើមែន!
11 រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះនឹងត្រូវអាម៉ាស់ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ទុកឲ្យពួកគេប្រមូលគ្នាឲ្យគេជួបជុំគ្នាទៅពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
12 ជាងដែកយកលោហធាតុមកដុតដំនឹងញញួរធ្វើជារូប។អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំងបើគេមិនផឹកទឹក គេមុខជានឿយហត់។
13 ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើនិងគូររូបពីលើហើយយកពន្លាកមកដាប់ឈើនោះតាមរូបរាង និងភិនភាគដូចមនុស្សរួចយកទៅតម្កល់នៅក្នុងវិហារមួយ។
14 គេកាប់ដើមឈើដ៏ធំៗគេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។គេដាំដើមស្រល់ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
15 មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុសសម្រាប់កម្ដៅផ្ទះ និងចំអិនម្ហូបអាហារ។គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំនិងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
16 គេយកឈើមួយចំណែកទៅធ្វើជាអុសអាំងសាច់បរិភោគចំអែតក្រពះហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
17 រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជារូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំគេគោរពបម្រើរូបនោះ និងទូលអង្វរថា“សូមរំដោះទូលបង្គំផង!ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
18 អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណាព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិតនិងពិចារណា រួចពោលថា“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាលខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើងខ្ញុំអាំងសាច់បរិភោគ។រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើមរួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
20 គេចាប់ចិត្តនឹងអ្វីដែលជាផេះចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យវង្វេងវង្វាន់លែងដឹងអ្វីសោះ។រូបព្រះរបស់គេពុំអាចរំដោះគេបានទេប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះជាព្រះក្លែងក្លាយឡើយ។
21 អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើងយើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើងអ៊ីស្រាអែលអើយយើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
22 យើងលុបបំបាត់ទោស និងកំហុសរបស់អ្នកដូចពពករសាត់បាត់ទៅចូរវិលត្រឡប់មករកយើងវិញដ្បិតយើងបានលោះអ្នកហើយ។
23 ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើងដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើងភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើងរីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុបហើយព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
24 ព្រះអម្ចាស់ដែលបានលោះអ្នកគឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុងផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ:“យើងជាព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃហើយយើងក៏បានសន្ធឹងផែនដីដោយខ្លួនយើងផ្ទាល់។
25 យើងធ្វើឲ្យទំនាយរបស់គ្រូហោរទៅជាឥតបានការយើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
26 យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើងហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែលយើងចាត់ឲ្យមកនោះ បានសម្រេច។យើងថ្លែងអំពីក្រុងយេរូសាឡឹមថាចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញយើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថាចូរសង់ក្រុងទាំងនោះឡើងវិញយើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ។
27 យើងបង្គាប់មហាសាគរឲ្យរីងស្ងួតហើយធ្វើឲ្យទន្លេរីង។
28 យើងនិយាយអំពីស្ដេចស៊ីរូសថាអ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។គាត់នឹងបំពេញអ្វីៗតាមចិត្តដែលយើងប្រាថ្នាចង់បានគាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹមនិងព្រះវិហារឡើងវិញ”។