1 មនុស្សសុចរិតកំពុងតែវិនាសតែគ្មាននរណាយកចិត្តទុកដាក់មនុស្សល្អបាត់បង់ជីវិតតែគ្មាននរណាចាប់អារម្មណ៍សោះមនុស្សសុចរិតអន្តរាយដោយមនុស្សអាក្រក់ធ្វើបាប។
2 ប៉ុន្តែ សន្តិភាពនឹងមកដល់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវនឹងបានសម្រាកយ៉ាងសុខសាន្ត។
3 រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ជាពួកក្បត់ព្រះជាម្ចាស់ហើយគោរពព្រះក្លែងក្លាយចូរនាំគ្នាចូលមក!
4 តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?តើអ្នករាល់គ្នាហាមាត់យ៉ាងធំហើយលៀនអណ្ដាតដាក់នរណា?អ្នករាល់គ្នាពិតជាកូនបះបោរនិងពូជអ្នកកុហកមែន!
5 អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃនៅក្រោមដើមឈើសក្ការៈអ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជានៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6 អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថាជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈអ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។តើឲ្យយើងអត់ទ្រាំបានឬ?
7 អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗអ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8 អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារអ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើងគឺអ្នកយកសម្លៀកបំពាក់ចេញព្រមទាំងឡើងទៅដេកជាមួយសហាយដែលអ្នកស្រឡាញ់ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9 អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើនរត់ទៅថ្វាយបង្គំព្រះម៉ូឡុកអ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗគឺរហូតទៅដល់ស្ថានមច្ចុរាជ។
10 អ្នកធ្វើដំណើររហូតទាល់តែនឿយហត់តែអ្នកមិនព្រមឈប់ទេគឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11 តើនរណាធ្វើឲ្យអ្នកភ័យខ្លាចរហូតដល់អ្នកក្បត់ចិត្តយើងហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?អ្នកឈប់ស្រឡាញ់យើងដូច្នេះមកពីយើងនៅស្ងៀមយូរពេកឬ?
12 យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្តអំពើដែលអ្នកចាត់ទុកថាសុចរិតនោះពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
13 ពេលអ្នកស្រែកអង្វរករឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ!រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅរីឯអ្នកដែលមកជ្រកកោនជាមួយយើងនឹងគ្រប់គ្រងស្រុកទេសទុកជាមត៌កហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើងទុកជាកម្មសិទ្ធិដែរ។
14 ព្រះអម្ចាស់មានព្រះបន្ទូលថា:ចូរត្រួសត្រាយរៀបចំផ្លូវចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវរបស់ប្រជាជនយើង!
15 ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅអស់កល្បជានិច្ចហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុតមានព្រះបន្ទូលថា:យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុតនិងជាស្ថានដ៏វិសុទ្ធមែនតែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេសង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយនិងមនុស្សរងទុក្ខខ្លោចផ្សា។
16 យើងមិនរករឿងអ្នករាល់គ្នារហូតទេហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរបើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មានដែលយើងបានបង្កើតមកមុខជារលត់វិញ្ញាណមិនខាន។
17 យើងបានខឹងនឹងប្រជារាស្ត្ររបស់យើងព្រោះពួកគេមានចិត្តលោភលន់និងប្រព្រឹត្តអំពើអាក្រក់យើងបានដាក់ទោសពួកគេយើងបានគេចមុខចេញពីពួកគេប៉ុន្តែ ទោះជាយ៉ាងណាក្ដីក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាមទំនើងចិត្តរបស់ខ្លួនដដែល។
18 យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយយើងនឹងដឹកនាំគេព្រមទាំងសម្រាលទុក្ខប្រជាជនដែលកំពុងកាន់ទុក្ខនេះទៀតផង។
19 ព្រះអម្ចាស់មានព្រះបន្ទូលថាយើងនឹងដាក់ពាក្យសរសើរតម្កើងនៅក្នុងមាត់ពួកគេ។ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិតយើងនឹងប្រោសពួកគេឲ្យបានជាសះស្បើយមែន!
20 រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹងរលកសមុទ្រដែលកំពុងតែបក់បោកគ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំសព្វបែបយ៉ាងមក។
21 ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា:មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។