1 ព្រះបាលបរាជ័យហើយព្រះនេបូក៏អស់ឫទ្ធិដែរ។គេដឹករូបព្រះទាំងនោះដោយដាក់នៅលើសត្វតិរច្ឆានធ្វើឲ្យសត្វទាំងនោះនឿយហត់ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
2 ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិពួកគេមិនអាចរំដោះខ្លួនឯងបានឡើយហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
3 អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែលដែលនៅសេសសល់កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!យើងបានថែទាំអ្នករាល់គ្នាតាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយយើងបានបីបាច់ថែរក្សាអ្នករាល់គ្នាតាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
4 យើងនៅតែជួយគាំទ្រអ្នករាល់គ្នារហូតអស់មួយជីវិតយើងមិនប្រែប្រួលឡើយ។យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នាដូចយើងបានធ្វើរួចមកហើយយើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
5 តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណាអ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
6 មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួនពួកគេថ្លឹងប្រាក់ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះរួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
7 ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់នៅកន្លែងរបស់វារូបព្រះនោះមិនកំរើកទៅណាឡើយ!ទោះបីពួកគេស្រែកអង្វរយ៉ាងណាក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះពួកគេឲ្យរួចពីភាពអាសន្នដែរ!
8 អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយចូរនឹកចាំអំពីការនេះចូរភ្ញាក់រលឹក ហើយរិះគិតពិចារណាឡើង។
9 ចូរនឹកចាំអំពីព្រឹត្តិការណ៍ដែលកើតមាននៅគ្រាដើមដំបូងហើយដឹងថា យើងជាព្រះជាម្ចាស់ក្រៅពីយើង គ្មានព្រះណាទៀតទេយើងជាព្រះជាម្ចាស់គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើនឹងយើងបានឡើយ។
10 យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូងនូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយយើងប្រាប់ទុកជាមុនតាំងពីយូរលង់នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយយើងពោលថា គម្រោងការរបស់យើងមុខជាបានសម្រេចមិនខានយើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
11 យើងហៅសត្វត្មាតមួយពីទិសខាងកើតគឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាមគម្រោងការរបស់យើង។អ្វីដែលយើងនិយាយយើងនឹងធ្វើឲ្យសម្រេចជារូបរាងអ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
12 មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្ដាប់យើង!
13 យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមកសេចក្ដីសុចរិតនេះនៅជិតបង្កើយហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរយើងនឹងសង្គ្រោះក្រុងស៊ីយ៉ូនយើងនឹងនាំស្រុកអ៊ីស្រាអែលឲ្យស្គាល់ភាពថ្កុំថ្កើង។