អេសាយ 3 KHSV

អណា‌ធិបតេយ្យ​ក្នុង​រាជា‌ណា‌ចក្រ​យូដា

1 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលនឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មានដែល​ជា​បង្អែក​របស់​ប្រជា‌ជនចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដាគឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក

2 លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចំបាំងលែង​មាន​ចៅ‌ក្រម លែង​មាន​ព្យាការីលែង​មាន​ហោរា លែង​មាន​ព្រឹទ្ធា‌ចារ្យ

3 លែង​មាន​មេ‌ទ័ព លែង​មាន​អ្នក​ធំលែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្ត‌អាគម​ដែរ។

4 ពេល​នោះ យើង​នឹង​ឲ្យ​ក្មេង‌ក្មាង​ឡើង​ធ្វើជា​មេ​ដឹក​នាំ ត្រួត‌ត្រា​លើ​ពួក​គេតាម​អំពើ​ចិត្ត​របស់​ខ្លួន។

5 ក្នុង​ចំណោម​ប្រជា‌ជនគេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មកម្នាក់ៗ​សង្កត់‌សង្កិន​បង‌ប្អូន​របស់​ខ្លួន។ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗមនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។

6 ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បង‌ប្អូនក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា:បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជាមេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដីដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ!

7 ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា:ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេនៅ​ក្នុង​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរកុំ​តែង‌តាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​អី!

8 ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែលកំពុង​តែ​រលំហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោចដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ដើម្បី​បន្ថោក​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដោយ​ពាក្យ​សម្ដីនិង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។

9 ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថាពួក​គេ​មាន​ទោសពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុមគឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាសឥត​លាក់‌លៀម​សោះ​ឡើយ។ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខានព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!

10 អ្នក​រាល់​គ្នា​អាច​ពោល​ថា:មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនាគេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។

11 រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនាគេ​មិន​បាន​សុខ​ទេគេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាងជិះ‌ជាន់​សង្កត់‌សង្កិនស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ប្រជា‌ជន​របស់​យើង​អើយពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នានាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេងពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។

13 ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដីព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសជាតិ​សាសន៍​ទាំង‌ឡាយ។

14 ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យនិង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា:“អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ!អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រមក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!

15 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លីប្រជា‌រាស្ត្រ​របស់​យើងហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

ព្រះ‌អម្ចាស់​បន្ទោស​ពួក​ជំទាវ​នៅ​ក្រុង​យេរូ‌សាឡឹម

16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់ពួក​គេ​ដើរ​កាច់​រាងទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។

17 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវនៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាលហើយ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ក្បាល​ពួក​គេទៅ​ជា​ត្រងោល។

18 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះ‌អង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក

19 ទំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ

20 ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់

21 ចិញ្ចៀន ក្រវិល ច្រមុះ

22 សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប

23 កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។

24 ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាតសម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួសសម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីតសញ្ញា​ដែល​គេ​ដៅ​ជា​ទាសករនឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។

25 យេរូ‌សាឡឹម​អើយ ប្រុសៗ​របស់​អ្នកនឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​ដោយ​សឹក​សង្គ្រាម។

26 ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេងកាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដីព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66