1 ក្រុងអើរាល ក្រុងអើរាលជាបុរីដែលស្ដេចដាវីឌបោះទ័ពមុខជាត្រូវវេទនាពុំខាន!ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី
2 ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរហើយទីក្រុងទាំងមូលនឹងប្រៀបដូចជាអាសនៈធ្វើយញ្ញបូជា។
3 យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នកយើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នកយើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។
4 ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុតពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដីពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដីសំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោចហើយពាក្យដែលអ្នកនិយាយខ្សឹបៗក៏លេចឮពីធូលីដីមកដែរ។
5 ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួនច្រើនឥតគណនាដូចធូលីដីសត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជាកម្ទេចចំបើងដែលហុយឡើង។
6 រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូលយាងមកជួយអ្នក ដោយប្រើផ្គរលាន់ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំងព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
7 កងទ័ពដ៏ច្រើនឥតគណនារបស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមកច្បាំង ឡោមព័ទ្ធ និងចង់កម្ទេចយេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិនិងដូចសុបិននិមិត្តនៅពេលយប់ដែរ។
8 ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មានដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូននឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគតែគេភ្ញាក់ឡើងក្រពះនៅទទេ។អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួនកំពុងផឹកទឹកតែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
9 ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ!ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេចូរដើរទ្រេតទ្រោត តែមិនមែនដោយសារអំណាចរបស់គ្រឿងស្រវឹងណាដែរ
10 ដ្បិតព្រះអម្ចាស់បានធ្វើឲ្យវិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការីព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
11 ចំពោះអ្នករាល់គ្នាអត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះប្រៀបបាននឹងសេចក្ដីដែលមានចែងទុកក្នុងសៀវភៅមួយបិទត្រាជិតហើយគេយកទៅឲ្យមនុស្សម្នាក់ដែលចេះអក្សរ ទាំងពោលថា «ចូរអានទៅ!»តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេព្រោះសៀវភៅនេះមានបិទត្រា!»។
12 គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ទៀតដែលមិនចេះអក្សរទាំងពោលថា «ចូរអានទៅ!»តែអ្នកនោះតបមកវិញថា«ខ្ញុំមិនចេះអក្សរទេ!»។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា:ប្រជារាស្ត្រនេះចូលមកជិតយើងហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដីនិងបបូរមាត់ប៉ុណ្ណោះតែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់រីឯការដែលពួកគេគោរពកោតខ្លាចយើងគ្រាន់តែជាទំនៀមទម្លាប់ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
14 ហេតុនេះហើយបានជាយើងធ្វើឲ្យប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀតដោយប្រើការអស្ចារ្យនិងឫទ្ធិបាដិហារិយ៍ផ្សេងៗយើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងប្រែជាឥតបានការទៅវិញ។
15 អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់ដើម្បីលាក់គម្រោងការរបស់ខ្លួនមុខជាត្រូវវេទនាពុំខាន។អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុងទីលាក់កំបាំង ទាំងពោលថា«គ្មាននរណាឃើញយើងគ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
16 អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង!តើគេអាចចាត់ទុកដីឥដ្ឋស្មើនឹងជាងស្មូនកើតឬ?ក្អមមិនអាចនិយាយអំពីជាងស្មូនថា«អ្នកនោះមិនបានសូនខ្ញុំមកទេ»ថូក៏មិនអាចនិយាយអំពីជាងស្មូនថា«គាត់គ្មានប្រាជ្ញា» ដែរ។
17 បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់នឹងក្លាយទៅជាចម្ការដំណាំហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
18 នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូលដែលមានចែងទុកនៅក្នុងគម្ពីរហើយមនុស្សខ្វាក់នឹងមើលឃើញគឺគេរួចផុតពីភាពងងឹតលែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
19 ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាបមានអំណរសប្បាយកាន់តែខ្លាំងឡើងៗហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលនឹងប្រោសឲ្យមនុស្សក្រីក្របានត្រេកអរសប្បាយដ៏លើសលប់ដែរ។
20 ស្ដេចដែលកាន់អំណាចផ្ដាច់ការនឹងត្រូវវិនាសសូន្យហើយអ្នកដែលមើលងាយព្រះជាម្ចាស់ក៏នឹងសាបសូន្យអស់ដែរ។អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃនឹងត្រូវបាត់បង់ជីវិតជាពុំខាន
21 ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃធ្វើឲ្យគេទទួលទោសពួកគេប្រើឧបាយកលធ្វើឲ្យចៅក្រមកាត់ក្ដីខុសហើយចោទប្រកាន់មនុស្សស្លូតត្រង់ដោយគ្មានមូលហេតុត្រឹមត្រូវ។
22 ហេតុនេះហើយបានជាព្រះអម្ចាស់ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុបនិងជាព្រះដែលបានលោះលោកអប្រាហាំមានព្រះបន្ទូលថាចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុបនឹងលែងអាម៉ាស់ទៀតហើយគេក៏លែងតក់ស្លុតទៀតដែរ
23 ដ្បិតពេលណាកូនចៅរបស់គេឃើញកិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្តចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់នាមដ៏វិសុទ្ធរបស់យើងពួកគេនឹងទទួលស្គាល់ថាយើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុបហើយពួកគេនឹងកោតខ្លាចយើងដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
24 ពេលនោះ ពួកដែលវង្វេងស្មារតីបែរជាចាប់ផ្ដើមមានប្រាជ្ញាហើយអស់អ្នកដែលតែងតែរឹងចចេសបែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។