1 ប្រជាជនតបថា តើនរណាជឿសេចក្ដីដែលគេប្រាប់យើង?តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមីចំពោះនរណា?
2 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់អ្នកបម្រើប្រៀបបាននឹងពន្លកមួយដែលលូតលាស់មិនសូវល្អដូចដំណាំដែលដុះចេញពីដីហួតហែង។លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។
3 លោកជាមនុស្សដែលត្រូវគេមើលងាយគ្មាននរណារាប់រក។លោកជាមនុស្សស្គាល់តែការឈឺចាប់ធ្លាប់តែរងទុក្ខវេទនាលោកដូចមនុស្សដែលគេខ្ពើមគេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។យើងបានមើលងាយលោកហើយមិនរាប់រកលោកឡើយ។
4 តាមពិត លោកបានរងទុក្ខវេទនាជំនួសយើងលោកទទួលយកការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។រីឯយើងវិញ យើងស្មានថាព្រះជាម្ចាស់បានដាក់ទោសលោកព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
5 ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះព្រោះតែការបះបោររបស់យើងលោកត្រូវគេជាន់ឈ្លីព្រោះតែអំពើទុច្ចរិតរបស់យើងលោកបានរងទារុណកម្មដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្តហើយដោយសារស្នាមរបួសរបស់លោកយើងក៏បានជាសះស្បើយ។
6 កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចចៀមដែលបែកចេញពីហ្វូងម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។
7 លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួនមិនហើបមាត់ទាល់តែសោះដូចកូនចៀមដែលគេដឹកទៅទីពិឃាតឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោមលោកមិនបានហើបមាត់ទាល់តែសោះ។
8 គេចាប់លោកទាំងបង្ខំយកទៅកាត់ទោសហើយនាំទៅសម្លាប់គ្មាននរណារវីរវល់យកចិត្តទុកដាក់នឹងពូជពង្សរបស់លោកឡើយ។គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះលោកត្រូវគេវាយរហូតដល់បាត់បង់ជីវិតព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
9 ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅឬនិយាយបោកបញ្ឆោតនរណាក្ដីក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាលនិងក្នុងផ្នូររបស់អ្នកមាន។
10 ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើរបស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ដោយលោកបានបូជាជីវិតធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្សព្រះអង្គនឹងបន្តអាយុជីវិតរបស់លោកហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គតាមរយៈលោក។
11 “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមកជីវិតរបស់អ្នកបម្រើនឹងមានពន្លឺមនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក។អ្នកបម្រើរបស់យើងសុចរិតលោកក៏ប្រោសមហាជនឲ្យបានសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។
12 ហេតុនេះហើយបានជាយើងប្រគល់ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើនលោកនឹងចែកជយភ័ណ្ឌរួមជាមួយពួកកាន់អំណាចព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោកព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។