អេសាយ 16 KHSV

ស្រុក​ម៉ូអាប់​ស្រែក​ហៅ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ជួយ

1 ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថានយក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដាដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន!

2 ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើណូនជា​កន្លែង​ទឹក​រាក់ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។

3 ស្ត្រី​ទាំង​នោះ​អង្វរ​ជន‌ជាតិ​យូដា​ថា៖«សូម​ជួយ​ផ្ដល់​គំនិត​ឲ្យ​យើង​ខ្ញុំសូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង។ក្នុង​ពេល​ថ្ងៃ​ពេញ​កម្ដៅ​នេះសូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំដូច​នៅ​ពេល​យប់​ដែរសូម​ឲ្យ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំជ្រក​កោន​ជា​មួយ​បង‌ប្អូនសូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។

4 សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ជ្រក​កោន​ជា​មួយ​បង‌ប្អូន​ផង!សូម​លាក់​គេ​កុំ​ឲ្យ​មេ​បំផ្លាញ​រក​ឃើញ!ពេល​ណា​ចប់​ការ​សង្កត់‌សង្កិននិង​ការ​សម្លាប់​រង្គាលពេល​ណា​មេ​បំផ្លាញ​ចាក​ចេញ​បាត់​ពី​ស្រុក

5 ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យប្រកប​ដោយ​មេត្តា​ករុណា។ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជនដោយ​ស្មោះ‌ស្ម័គ្រស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិតព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

ក្រុង​យេរូ‌សាឡឹម​ពុំ​អាច​ជួយ​ស្រុក​ម៉ូអាប់​ឡើយ

6 ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖«យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ពូកែ​អួត‌អាង​ខ្លាំង​ណាស់ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។

7 ប៉ុន្តែ ឥឡូវ​នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជាសោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែលធ្លាប់​បរិភោគ​នៅ​គារ-‌ហារ៉ា‌សែតពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។

8 ចម្ការ​ដំណាំ​នៅ​ហេស‌បូន​ត្រូវ​ខូច​ខាត​អស់រីឯ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាសហិន‌ហោច​អស់​ដែរ។ចម្ការ​នេះ​ធ្លាប់​តែ​ផ្ដល់​ស្រា​ទំពាំង‌បាយជូរឲ្យ​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា។ចម្ការ​ទំពាំង‌បាយជូរ​នេះ​ធ្លាប់​លាត​សន្ធឹងរហូត​ដល់​យ៉ា‌ស៊ើរនិង​វារ​រហូត​ដល់​វាល​រហោ‌ស្ថានព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។

9 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រពហេស‌បូន និង​អេឡា‌លេដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំរបស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។

10 នៅ​តាម​ចម្ការ​ដំណាំ​នោះលែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយរីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរដាក់​ក្នុង​ធុង​ទៀត​ដែរគឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

11 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាងអន្លង់‌អន្លោច ដូច​សំឡេង​ពិណព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅកន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗយ៉ាង​ត្រដាប‌ត្រដួសគេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈតែ​ឥត​បាន​ផល​អ្វី​សោះ។

13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។

14 ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​អោន»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66