1 កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
2 ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។
3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។
4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5 មន្ត្រីរបស់ព្រះបាទហេសេគានាំគ្នាទៅជួបលោកអេសាយ
6 ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។
7 បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
8 មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។
9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖
10 «ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11 ព្រះករុណាជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12 ពេលអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែត និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេឡើយ។
13 រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14 ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
15 ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
16 «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ!
18 ឱព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន
19 ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
20 ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
21 ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។
22 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:សានហេរីបអើយ!ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារីនឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមនឹងគ្រវីក្បាលចំអកឲ្យអ្នក។
23 តើអ្នកបានជេរ និងត្មះតិះដៀលនរណា?តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
24 អ្នកបានប្រើពួកបម្រើរបស់អ្នកឲ្យមកជេរព្រះអម្ចាស់។អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើនអញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយអញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗនិងដើមស្រឡៅដ៏ល្អៗ។អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេហើយចូលទៅដល់ព្រៃស្រោងផង។
25 អញបានជីកអណ្ដូង ហើយផឹកទឹកពេលអញឈានជើងជាន់តំបន់ទន្លេនីលទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
26 សានហេរីបអើយ អ្នកមិនដឹងទេឬថាយើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!ឥឡូវនេះ យើងធ្វើឲ្យសម្រេចដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំឲ្យក្លាយទៅជាគំនរឥដ្ឋ។
27 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាលឬដូចរុក្ខជាតិនៅតាមចម្ការនិងដូចស្មៅដែលដុះនៅលើដំបូលផ្ទះពេលខ្យល់ក្ដៅពីទិសខាងកើតបក់មកវាក៏ក្រៀមអស់ទៅ។
28 ចំណែកឯយើងវិញអ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូលឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។
29 អ្នកច្រឡោតខឹងនឹងយើងយើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នកហេតុនេះហើយបានជាយើងយកកន្លុះមកដាក់ច្រមុះអ្នកនិងយកបង្ហៀរមកដាក់មាត់អ្នកហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញតាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
30 ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
31 អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
32 ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
33 ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។
34 ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
35 យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង»។
36 ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
37 ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។
38 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។