ទំនុក‌ដំកើង 104 KHOV

អស់​មួយ​ជីវិត​ខ្ញុំ​ច្រៀង​ដំកើង​ព្រះ!

1 ឱ​ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​ធំ​ក្រៃលែងទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិ និង​តេជា‌នុភាព

2 ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសាគឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

3 ទ្រង់​ដាក់​ឫស​ដំណាក់​ទ្រង់​នៅ​ក្នុង​ទឹកក៏​យក​ពពក​ធ្វើ​ជា​រថ​របស់​ទ្រង់ហើយ​ទ្រង់​យាង​លើ​ស្លាប​ខ្យល់

4 ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់

5 ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំមិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប

6 ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង

7 កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់

8 អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើងហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅគឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ

9 ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត

10 ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ

11 ក៏​ឲ្យ​គ្រប់​ទាំង​សត្វ​នៅ​វាល​មាន​ទឹក​ផឹកឯ​លា​ព្រៃ​ក៏​ផឹក​ឆ្អែត​ដែរ

12 អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុកតាម​ផ្លូវ​ទឹក​ទាំង​នោះហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ

13 ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់

14 ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វហើយ​បន្លែ​សំរាប់​មនុស្សដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក

15 ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយនិង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស

16 អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែតគឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ

17 ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ

18 អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សំរាប់​ពពែ​ព្រៃហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម

19 ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ

20 ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក

21 អស់​ទាំង​សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពាក៏​សូម​អាហារ​ពី​ព្រះ​មក

22 លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ

23 ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួនហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច

24 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មានច្រើន​ប្រការ​ណាស់​ហ្ន៎ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញាផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត

25 នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយនៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនាជា​សត្វ​ទាំង​តូច​ទាំង​ធំ

26 ក៏​មាន​នាវា​បើក​ទៅ​មកហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

27 គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល

28 ទ្រង់​ក៏​ប្រទាន​ឲ្យ ហើយ​វា​ទទួល​យកកាល​ទ្រង់​លា​ព្រះ‌ហស្ត​ទៅនោះ​វា​បាន​ឆ្អែត​ដោយ​របស់​ល្អ

29 កាល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញកាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

30 ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើងទ្រង់​កែ​ប្រែ​ផែនដី​ឡើង​ជា​ថ្មី

31 សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​ជានិច្ចសូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​រីក‌រាយ​ឡើង​ដោយ‌សារ​ស្នាដៃ​ទ្រង់

32 កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រកាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង

33 កាល​នៅ​មាន​ជីវិត​នៅ​ឡើយនោះ​ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាបកាល​ទូល‌បង្គំ​មាន​នៅៗ​ឡើយនោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល‌បង្គំ

34 សូម​ឲ្យ​សេចក្ដី​នឹក‌ជញ្ជឹង​របស់​ទូល‌បង្គំបាន​ផ្អែម​ត្រចៀក​ដល់​ទ្រង់ទូល‌បង្គំ​នឹង​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា

35 សូម​ឲ្យ​ពួក​អ្នក​មាន​បាប​សូន្យ​ចេញ​ពី​ផែនដី​ទៅហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​នៅ​សល់​ឡើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។