ទំនុក‌ដំកើង 91 KHOV

នៅ​ក្រោម​ម្លប់​បារមី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

1 អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំងនៃ​ព្រះ​ដ៏​ខ្ពស់​បំផុតនោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ព្រះ‌ចេស្តា។

2 ឯ​ទូល‌បង្គំ នឹង​ពោល​ពី​ព្រះ‌យេហូវ៉ា​ថាទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល‌បង្គំគឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។

3 ៙ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួចពី​លប់​របស់​នាយ​ព្រានហើយ​ពី​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​អន្តរាយ

4 ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់សេចក្ដី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ

5 ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយទោះ​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ

6 ឬ​សេចក្ដី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹតឬ​សេចក្ដី​ហិន‌វិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់​ផង

7 នឹង​មាន​មនុស្ស​១​ពាន់​នាក់​ដួល​ស្លាប់​នៅ​ក្បែរ​ឯងហើយ​១​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​ឯង​ដែរតែ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ

8 ឯង​នឹង​បាន​ក្រឡេក​ឃើញ​ការ​តប​ស្នងដល់​ពួក​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ​ទេ

9 ពី​ព្រោះ​ឯង​បាន​ថា ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​នៃ​ឯងគឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​ឯង

10 យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើងដល់​ឯង​ឡើយក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ

11 ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ពី​ដំណើរ​ឯងឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង

12 ទេវតា​ទាំង​នោះ​នឹង​ទ្រ​ឯង​ដោយ​ដៃក្រែង​ជើង​ឯង​ទង្គិច​នឹង​ថ្ម

13 ឯង​នឹង​ជាន់​លើ​ទាំង​សត្វ​សិង្ហ និង​ពស់​ហនុមាន​ផងឯ​សិង្ហ​ស្ទាវ និង​នាគនោះ​ឯង​នឹង​អាច​ជាន់​ឈ្លី​ដោយ​ជើង​បាន។

14 ៙ ដោយ​ព្រោះ​វា​បាន​យក​អញ​ជា​ទី​ស្រឡាញ់នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ពី​ព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ

15 វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តបអញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាកក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ

16 អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែងហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។