ទំនុក‌ដំកើង 69 KHOV

ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់

ទំនុក​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក សំរាប់​ឲ្យ​មេ​ភ្លេង​លេង​តាម​បទ «ផ្កា​ឈូក»។

1 ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំដ្បិត​ទឹក​បាន​ហូរ​ចូលដល់​ព្រលឹងនៃ​ទូល‌បង្គំ​ហើយ

2 ទូល‌បង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះទូល‌បង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅហើយ​រលក​ក៏​បោក​គ្រប​លើ​ទូល‌បង្គំ

3 ទូល‌បង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូល‌បង្គំបំពង់​ក​នៃ​ទូល‌បង្គំ​ខះ​ហើយភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូល‌បង្គំ។

4 ៙ ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុនោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូល‌បង្គំ​ទៅ​ទៀតអស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវនឹង​ទូល‌បង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំមិន​បាន​យក​សោះ

5 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូល‌បង្គំឯ​អំពើ​បាប​នៃ​ទូល‌បង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។

6 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ​អើយសូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ពឹង‌ពាក់​ដល់​ទ្រង់​ត្រូវ​ខ្មាសដោយ​ព្រោះ​ទូល‌បង្គំ​ឡើយឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយសូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​ត្រូវ​អាប់‌យសដោយ​ព្រោះ​ទូល‌បង្គំ​ឲ្យ​សោះ

7 ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយបាន​ជា​ទូល‌បង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀលហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូល‌បង្គំ​ផង

8 ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូល‌បង្គំគឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូល‌បង្គំ។

9 ៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិនទូល‌បង្គំឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ

10 កាល​ទូល‌បង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ

11 កាល​ណា​ទូល‌បង្គំ​យក​សំពត់​ធ្មៃទុក​ជា​សំលៀក‌បំពាក់នោះ​ក៏​ត្រឡប់​ជា​ពាក្យ​ប្រៀប‌ផ្ទឹម​របស់​គេ​វិញ

12 ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុងគេ​និយាយ​ដើម​ពី​ទូល‌បង្គំហើយ​ទូល‌បង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។

13 ៙ ប៉ុន្តែ​ឯ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយសេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​ដំរង់​ទៅ​ឯ​ទ្រង់ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

14 សូម​ស្រង់​ទូល‌បង្គំ​ឡើង​ចេញ​ពី​ល្បាប់កុំ​ឲ្យ​ទូល‌បង្គំ​ផុង​ចុះ​ទៅ​ឡើយសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូល‌បង្គំហើយ​ពី​ទឹក​ជ្រៅ​ផង

15 សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូល‌បង្គំឬ​ឲ្យ​ទី​ជំរៅ​លេប​ទូល‌បង្គំ​បាត់ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូល‌បង្គំ​ឡើយ។

16 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផងដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយសូម​បែរ​មក​ឯ​ទូល‌បង្គំ តាម​សេចក្ដី​មេត្តា‌ករុណាដ៏​បរិបូរ​របស់​ទ្រង់

17 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​បំរើ​របស់​ទ្រង់​ឡើយសូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផងដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា​ហើយ។

18 ៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូល‌បង្គំសូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ

19 ទ្រង់​ជ្រាប​សេចក្ដី​ដំនៀល សេចក្ដី​ខ្មាសនិង​សេចក្ដី​អាប់‌យស​របស់​ទូល‌បង្គំ​ហើយពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូល‌បង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់គ្រប់​ទាំង​អស់

20 សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយទូល‌បង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តាតែ​ឥត​មាន​១​សោះក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ

21 គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល‌បង្គំ​សំរាប់​ជា​អាហារហើយ​កាល​ទូល‌បង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក

22 ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខនោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ

23 សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច

24 សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់

25 សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ

26 ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយក៏​ថ្លែង​ពី​សេចក្ដី​ឈឺ​ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បានធ្វើ​ឲ្យ​មាន​របួស​ផង

27 សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ

28 សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅកុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ។

29 ៙ ចំណែក​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ​ចាប់ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់មក​លើ​ទូល‌បង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។

30 ៙ ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​សរសើរដល់​ព្រះ‌នាម​របស់​ព្រះហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ

31 យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫ‌ទ័យដល់​ព្រះ‌យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ផង

32 ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញហើយ​ក៏​មាន​សេចក្ដី​អំណរអ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង

33 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ស្តាប់​មនុស្ស​កំសត់​ទុគ៌តហើយ​មិន​ដែល​មើល‌ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ។

34 ចូរ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រហើយ​សត្វ​ទាំង​ប៉ុន្មាន ដែល​រវើក​នៅ​ក្នុង​នោះបាន​សរសើរ​ដល់​ទ្រង់​ចុះ

35 ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូនហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើងដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះហើយ​នឹង​បាន​ទុក​ជា​កេរ‌អាករ​របស់​គេ

36 ពូជ‌ពង្ស​នៃ​ពួក​អ្នក​បំរើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដកហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។