1 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយទូលបង្គំយកទ្រង់ជាទីជ្រកកោនសូមទ្រង់ជួយសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
2 ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហព្រមទាំងហែកឲ្យខ្ទេចខ្ទីផងក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
3 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយបើសិនជាទូលបង្គំបានធ្វើដូច្នេះគឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4 បើទូលបង្គំធ្វើការអាក្រក់ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំបើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះអើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដីហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
6 ៙ ឱព្រះយេហូវ៉ាអើយសូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅរបស់ពួកតតាំងនឹងទូលបង្គំសូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ដែលទ្រង់បានបង្គាប់ហើយ
7 យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយនឹងមកនៅព័ទ្ធជុំវិញទ្រង់សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
8 ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំតាមសេចក្ដីសុចរិតនិងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង
9 ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅតែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើងដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
10 ខែលនៃទូលបង្គំនៅជាមួយនឹងព្រះដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់
11 ព្រះទ្រង់ជាចៅក្រមសុចរិតអើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ
12 បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវទ្រង់បានយឹតដំឡើងធ្នូជាស្រេច
13 ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។
14 ៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ហើយសំរាលចេញជាសេចក្ដីកំភូត
15 គេបានជីកធ្វើរណ្តៅហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ
16 សេចក្ដីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញហើយសេចក្ដីច្រឡោតរបស់គេនឹងចុះមកលើក្រយៅក្បាលគេដែរ
17 ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។