1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះបានថាដូច្នេះដែរគឺអស់អ្នកដែលទ្រង់បានលោះឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3 ហើយប្រមូលមកពីគ្រប់ទាំងស្រុកគឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើងហើយទិសខាងត្បូងផង។
4 ៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹងក្នុងទីរហោស្ថានគេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5 ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6 គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7 ទ្រង់បាននាំគេតាមផ្លូវត្រង់វិញដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9 ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លានដោយសេចក្ដីល្អ។
10 ៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹតហើយក្នុងម្លប់នៃសេចក្ដីស្លាប់ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនាហើយនឹងចំណងច្រវាក់
11 ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះហើយបានមើលងាយដល់សេចក្ដីដំបូន្មានរបស់ព្រះដ៏ខ្ពស់បំផុត
12 បានជាទ្រង់បន្ទាបចិត្តគេដោយការនឿយហត់គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ
13 គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
14 ទ្រង់បាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ព្រមទាំងបណ្តាច់ចំណងគេផង
15 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16 ដ្បិតទ្រង់បានទំលាយអស់ទាំងទ្វារលង្ហិនហើយបំបាក់រនុកដែកដែរ។
17 ៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខដោយព្រោះការរំលងច្បាប់ និងអំពើទុច្ចរិតរបស់គេ
18 ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19 គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20 ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជាក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិ
22 ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណហើយប្រកាសពីស្នាដៃនៃទ្រង់ដោយចំរៀងអរសប្បាយចុះ។
23 ៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24 ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ានិងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ
25 ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះដែលបណ្តាលឲ្យរលកកំរើកឡើង
26 រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃក៏ធ្លាក់ទៅវិញដល់ទីជំរៅនោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27 គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោតដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28 គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29 ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញហើយឲ្យរលកស្ងប់ស្ងៀមដែរ
30 នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិ
32 គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33 ៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែងហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34 ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35 ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំងហើយដីស្ងួតធេង ឲ្យមានក្បាលទឹកវិញ
36 ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ
37 ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរឲ្យបានមានផលចំរើនឡើង
38 ទ្រង់ក៏ប្រទានពរដល់គេដែរដើម្បីឲ្យគេបានចំរើនជាច្រើនឡើងហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39 បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱនដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញហើយឲ្យមានសេចក្ដីព្រួយលំបាក
40 នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹងដែលឥតមានផ្លូវវិញ
41 ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើងឲ្យរួចពីសេចក្ដីវេទនាព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42 ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើងឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ
43 បើអ្នកណាមានប្រាជ្ញា នោះនឹងរក្សាទុកនូវសេចក្ដីទាំងនេះហើយនឹងពិចារណាពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា។