1 ព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយគួរសរសើរណាស់ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំគឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
2 ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអដោយនៅលើទីខ្ពស់ជាទីរីករាយចិត្តដល់ផែនដីទាំងមូលគឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
3 ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុងព្រះរាជវាំងនៃក្រុងនោះ។
4 ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នាក៏នាំគ្នាយាងទៅតាមទីនោះ
5 គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្តគេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ
6 នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នាក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន
7 ទ្រង់បានបំបាក់បំបែកនាវាតើស៊ីសដោយខ្យល់ពីទិសខាងកើត
8 នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារគឺជាក្រុងរបស់ព្រះនៃយើងខ្ញុំនោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយព្រះទ្រង់នឹងតាំងទីក្រុងនោះឲ្យនៅជាប់ជារៀងរាបដរាបទៅ។–បង្អង់
9 ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់
10 ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់បានឮសុសសាយយ៉ាងណានោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុតយ៉ាងនោះដែរព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត
11 គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរគួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើងដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់
12 ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផងហើយរាប់អស់ទាំងប៉មនៃទីក្រុង
13 ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែនហើយពិចារណាព្រះរាជវាំងនោះផងដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ
14 ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ចទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំដរាបដល់អស់ជីវិតផង។