ទំនុក‌ដំកើង 143 KHOV

សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យអធិស្ឋាន​របស់​ទូល‌បង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សេចក្ដី​ទូល‌អង្វរ​របស់​ទូល‌បង្គំសូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផងដោយ​សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សុចរិត​របស់​ទ្រង់

2 សូម​កុំ​ឲ្យ​កើត​ក្តី​នឹង​អ្នក​បំរើ​ទ្រង់​ឡើយដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់​គ្មាន​មនុស្ស​រស់​ណា​មួយដែល​សុចរិត​ទេ

3 ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​នៃ​ទូល‌បង្គំគេ​បាន​វាយ​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី​ហើយក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹតដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ

4 ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួនទូល‌បង្គំ​ត្រូវ​អន់‌ថយ​ទៅហើយ​ចិត្ត​នៅ​ក្នុង​ទូល‌បង្គំ ក៏​នៅ​តែល‌តោល

5 ទូល‌បង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ដែរ

6 ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ព្រលឹង​ទូល‌បង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួតហែង​ស្រេក​រក​ទឹក។ –បង្អង់

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូល‌បង្គំដ្បិត​វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយសូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយក្រែង​ទូល‌បង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នកដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់សូម​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរពី​ព្រោះ​ទូល‌បង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​នៅ​ទ្រង់

10 សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាមព្រះ‌ហឫ‌ទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ​ពិតសូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ នាំ​ទូល‌បង្គំ​ចូល​ទៅក្នុង​ស្រុក ដែល​ប្រកប​ដោយ​សេចក្ដី​ទៀង​ត្រង់

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចំរើន​កំឡាំង​ដល់​ទូល‌បង្គំដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​សេចក្ដី​វេទនាដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

12 ហើយ​សូម​កាត់​ពួក​ខ្មាំង​សត្រូវ​ទូល‌បង្គំ​ចេញដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ព្រម​ទាំង​បំផ្លាញ​អស់​អ្នក​ដែល​សង្កត់‌សង្កិនព្រលឹង​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ។