1 ឱព្រះយេហូវ៉ាអើយទ្រង់បានពិនិត្យមើលហើយបានស្គាល់ទូលបង្គំផង
2 ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះនិងការដែលទូលបង្គំក្រោកឡើងផងទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ
3 ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
4 ដ្បិត ឱព្រះយេហូវ៉ាអើយពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយនោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ
5 ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយហើយបានដាក់ព្រះហស្តលើទូលបង្គំ
6 ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំឈោងមិនដល់សោះ
7 តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
8 ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ក៏មានទ្រង់សណ្ឋិតនៅទីនោះទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
9 ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាលហោះទៅនៅឯទីបំផុតនៃសមុទ្រ
10 គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11 បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12 ដូច្នេះទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរឯសេចក្ដីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13 ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15 កាលទូលបង្គំកើតមាននៅទីកំបាំងហើយបានសូន្យធ្វើបែបចំឡែកៗនៅទីទាបនៃផែនដីនោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16 ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17 ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ក៏មានចំនួនច្រើនណាស់ផង
18 បើសិនជាទូលបង្គំនឹងខំរាប់ចំនួននោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀតកាលណាទូលបង្គំភ្ញាក់ឡើងនោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19 ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួកមនុស្សអាក្រក់ជាមិនខាននែ ពួកមនុស្សដែលកំចាយឈាមអើយចូរថយចេញពីអញទៅ
20 ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាមទ្រង់ជាអសារឥតការ
21 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នកដែលស្អប់ទ្រង់ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ
22 គឺទូលបង្គំស្អប់គេពេញទីហើយគេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ
23 ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផងសូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
24 សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។