1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយសូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2 សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំហើយជួយឲ្យទូលបង្គំរួចជាប្រញាប់សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំគឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង
3 ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិតហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំដោយយល់ដល់ព្រះនាមទ្រង់
4 សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5 ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយទ្រង់បានលោះទូលបង្គំទុក
6 ទូលបង្គំស្អប់ចំពោះអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7 ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយដោយសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8 ទ្រង់មិនបានឃុំឃាំងទូលបង្គំនៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេគឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
9 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាកភ្នែកទូលបង្គំកាន់តែខ្សោយទៅដោយសេចក្ដីសោយសោកព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង
10 ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផងកំឡាំងនៃទូលបង្គំចេះតែខ្សោយទៅដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11 ទូលបង្គំបានត្រឡប់ជាទីដៀលត្មះដោយព្រោះពួកតតាំងនឹងទូលបង្គំអើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំងហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ទូលបង្គំផងពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅនោះក៏រត់ចេញពីមុខទូលបង្គំទៅ
12 មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពីមនុស្សណាដែលស្លាប់បាត់ហើយទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
13 ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើនមានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំនោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
14 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ
15 ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវរបស់ទូលបង្គំហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ
16 សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់
17 ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយដ្បិតទូលបង្គំបានអំពាវនាវដល់ទ្រង់សូមឲ្យពួកមនុស្សអាក្រក់មានសេចក្ដីខ្មាសវិញសូមឲ្យគេស្ងៀមនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
18 សូមឲ្យបបូរមាត់កំភូតបានទៅជាគគឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិតដោយឆ្មើងឆ្មៃ ចិត្តធំ និងសេចក្ដីមើលងាយ
19 ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអម្បាលណាទៅដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែលកោតខ្លាចដល់ទ្រង់ជាសេចក្ដីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោកសំរាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
20 ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ឲ្យបានរួចពីឧបាយរបស់មនុស្សទ្រង់នឹងថែរក្សាគេ ដោយសំងាត់ នៅក្នុងពន្លាទ្រង់ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ
21 សូមលើកសរសើរដល់ព្រះយេហូវ៉ាដ្បិតទ្រង់បានសំដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន
22 ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថាទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរក្នុងកាលដែលអំពាវនាវដល់ទ្រង់
23 ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ
24 ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ។