1 ឱព្រះអង្គអើយ ពួកសាសន៍ដទៃបានចូលរុករានក្នុងមរដកទ្រង់ហើយគេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
2 គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់ទុកជាអាហារដល់សត្វហើរលើអាកាសនិងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
3 គេបានកំចាយឈាមរបស់អ្នកទាំងនោះដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិមឥតមានអ្នកណាកប់ខ្មោចឡើយ
4 យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាងហើយជាទីស្អប់ខ្ពើមនិងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
5 ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀតតើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអីតើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
6 សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃដែលមិនស្គាល់ទ្រង់ហើយលើអស់ទាំងនគរដែលមិនអំពាវនាវដល់ព្រះនាមទ្រង់វិញ
7 ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុបព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
8 សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយសូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំជាប្រញាប់វិញដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
9 ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
10 តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថាព្រះរបស់គេនៅឯណាឬអីសូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
11 សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់នោះសូមជួយទំនុកបំរុងដល់អស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ផង
12 ឱព្រះអម្ចាស់អើយឯការដែលពួកអ្នកជិតខាងយើងខ្ញុំបានត្មះតិះដៀលដល់ទ្រង់នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
13 យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅយើងខ្ញុំនឹងសំដែងសេចក្ដីសរសើររបស់ទ្រង់នៅអស់ទាំងដំណតរៀងទៅ។