ទំនុក‌ដំកើង 40 KHOV

ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់

ទំនុក​នៃ​ស្តេច​ដាវីឌ ជា​សេចក្ដី​បង្រៀន។

1 ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ

2 ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិតក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន

3 ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំគឺ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំមនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្ដី​កោត‌ខ្លាចហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ផង

4 មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹងឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។

5 ៙ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផងគ្មាន​អ្នក​ណា​អាច​នឹង​រៀប‌រាប់​ដោយ​លំដាប់ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយបើ​ទូល‌បង្គំ​នឹង​ចង់​និទាន​ប្រាប់នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

6 ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះ‌ហឫ‌ទ័យ​ទេទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់​តាមទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុតឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ

7 បាន​ជា​ទូល‌បង្គំ​ទូល​ថា មើល ទូល‌បង្គំ​មក​ហើយសេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ

8 គឺ​ថា ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​អំណរនឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់អើ ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ

9 ទូល‌បង្គំ​បាន​ប្រកាស​ដំណឹង​ល្អ ពី​សេចក្ដី​សុចរិតនៅ​ក្នុង​ជំនុំ​ធំមើល ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ​ថាទូល‌បង្គំ​នឹង​មិន​ទប់​មាត់​ឡើយ

10 ទូល‌បង្គំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់នៅ​ក្នុង​ចិត្ត​ទេគឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្មោះ‌ត្រង់និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​វិញក៏​មិន​បាន​បំបិទ​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិតរបស់​ទ្រង់ នៅ​ក្នុង​ជំនុំ​ធំ​ដែរ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដី​មេត្តា‌ករុណារបស់​ទ្រង់​ចំពោះ​ទូល‌បង្គំ​ឡើយសូម​ឲ្យ​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់បាន​ថែ​រក្សា​ទូល‌បង្គំ​ជានិច្ច

12 ដ្បិត​មាន​សេចក្ដី​អាក្រក់​ឥត​គណនា​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញអំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​តាម​ទូល‌បង្គំ​ទាន់​ហើយបាន​ជា​ទូល‌បង្គំ​មិន​អាច​នឹង​ងើប​ឡើង​មើល​បាន​ឡើយអំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ទូល‌បង្គំចិត្ត​ទូល‌បង្គំ​ក៏​អស់​សង្ឃឹម​ទៅ

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ជួយទូល‌បង្គំ​ឲ្យ​រួចឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង

14 ឯ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស ហើយ​លាក់​មុខទាំង​អស់​គ្នាឯ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស្ត​នឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញព្រម​ទាំង​មាន​សេចក្ដី​អាប់‌យស​ផង

15 ឯ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថាន៏ ន៏ នោះ​សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ដោយ​សេចក្ដីខ្មាស​របស់​គេ​ទៅ

16 ចំណែក​ពួក​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់នោះ​សូម​ឲ្យ​គេ​បាន​រីក‌រាយ​សប្បាយ​ក្នុង​ទ្រង់​ចុះសូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់បាន​ពោល​ជានិច្ច​ថាសូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង

17 ឯ​ទូល‌បង្គំៗ​ក្រីក្រ ហើយ​ទុគ៌តប៉ុន្តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹក​ដល់​ទូល‌បង្គំ​ដែរទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ផងឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ។