1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាហើយអំពាវនាវដល់ព្រះនាមទ្រង់ចូរសំដែងពីអស់ទាំងការរបស់ទ្រង់នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
2 ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
3 ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ាមានចិត្តរីករាយឡើង
4 ចូររកព្រះយេហូវ៉ា និងព្រះចេស្តារបស់ទ្រង់ចូររកព្រះភក្ត្រទ្រង់ជានិច្ច
5 ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើហើយពីការចំឡែក និងបញ្ញត្តទាំងប៉ុន្មានដែលចេញពីព្រះឱស្ឋទ្រង់មក
6 ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់គឺអស់ទាំងកូនចៅរបស់យ៉ាកុបជាពួកអ្នករើសតាំងរបស់ទ្រង់អើយ
7 ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ាឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី
8 ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចគឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
9 ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំនិងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង
10 ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
11 ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯងទុកជាចំណែកមរដករបស់ឯង
12 គ្រានោះ គេមានគ្នាចំនួនតិចអើ មានតិចណាស់ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13 គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14 តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើងអើ ទ្រង់បានផ្ចាលទាំងពួកស្តេចដោយយល់ដល់គេ
15 ដោយថា កុំឲ្យប៉ះពាល់នឹងអ្នកដែលអញបានចាក់ប្រេងតាំងឲ្យហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16 ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុកក៏បានផ្តាច់អស់ទាំងអាហារផង
17 ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេគឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ
18 ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណងហើយមានច្រវាក់ដែកជាប់នៅប្រាណ
19 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច
20 ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញគឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច
21 ក៏បានតាំងគាត់ឡើង ឲ្យធ្វើជាម្ចាស់លើដំណាក់ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់
22 ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបានហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេចមានប្រាជ្ញា
23 ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរគឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
24 ព្រះទ្រង់ក៏ចំរើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែងព្រមទាំងឲ្យមានកំឡាំងលើសជាងពួកដែលតតាំងនឹងគេផង
25 ទ្រង់បានបំផ្លាស់បំប្រែចិត្តសាសន៍នោះឲ្យស្អប់ដល់រាស្ត្រទ្រង់វិញឲ្យគេបានប្រព្រឹត្តដោយកិច្ចកលចំពោះពួកបំរើទ្រង់
26 រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបំរើទ្រង់និងអើរ៉ុន ដែលទ្រង់បានរើសយក
27 លោកទាំង២នោះក៏សំដែងទីសំគាល់របស់ទ្រង់នៅកណ្តាលសាសន៍នោះនិងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
28 ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅលោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ
29 ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាមហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30 ស្រុកគេមានដេរដាសទៅដោយកង្កែបរហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31 ទ្រង់មានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗមកក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32 ទ្រង់ប្រទានឲ្យគេមានព្រិលជំនួសភ្លៀងហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33 ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរនិងដើមល្វារបស់គេក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34 ទ្រង់មានព្រះបន្ទូល នោះក៏មានកណ្តូបមកព្រមទាំងចង្រិតឥតគណនា
35 សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុកក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36 ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេគឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន
37 ទ្រង់បាននាំរាស្ត្រទ្រង់ចេញមកមានជាប់ទាំងប្រាក់នឹងមាសផងឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយគ្រាកចិត្តឡើយ
38 កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍អេស៊ីព្ទក៏អរសប្បាយដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39 ទ្រង់បានលាតពពក សំរាប់គ្របបាំងគេព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់
40 គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមកហើយបានចំអែតគេ ដោយអាហារនៃស្ថានសួគ៌
41 ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមកហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42 ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ហើយពីអ័ប្រាហាំ ជាអ្នកបំរើទ្រង់ដែរ
43 ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយគឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
44 ទ្រង់ក៏ប្រទានស្រុករបស់នគរដទៃទាំងប៉ុន្មានឲ្យដល់គេគេបានចាប់យកផលនៃស្នាដៃរបស់សាសន៍ទាំងនោះទុកជារបស់ផងខ្លួន
45 ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់ផងចូរសរសើរដល់ព្រះយេហូវ៉ាចុះ។