ទំនុក‌ដំកើង 118 KHOV

ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

1 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

2 ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

3 ឥឡូវ​នេះ គួរ​ឲ្យ​ពូជ‌ពង្ស​នៃ​អើរ៉ុន​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4 ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5 ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ

6 ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយតើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន

7 ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំតាម​បំណង​ចិត្ត​ខ្ញុំ

8 ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស

9 ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។

10 ៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

11 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិតតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

12 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ជុំវិញ ដូច​ជា​ហ្វូង​ឃ្មុំតែ​គេ​ត្រូវ​រលត់​ទៅ ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្លាដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

13 គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួលប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ

14 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ទំនុក​ច្រៀង​របស់​ខ្ញុំក៏​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ។

15 ៙ នៅ​ក្នុង​លំនៅ​របស់​មនុស្ស​សុចរិតនោះ​មាន​ឮ​សំឡេង​ច្រៀង ដោយ​អំណរ​ពី​សេចក្ដី​សង្គ្រោះព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ

16 ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើងព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ។

17 ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា

18 ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំងតែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ

19 សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

20 នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ាពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ

21 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូល‌បង្គំហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូល‌បង្គំ។

22 ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញនោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ

23 នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ

24 ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុកនៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។

25 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ជួយ​សង្គ្រោះ​ឥឡូវឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ

26 សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាមព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរយើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរអំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា

27 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​ចុះ

28 ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។

29 ៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។