ទំនុក‌ដំកើង 51 KHOV

ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​លើក​លែង​ទោស

ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង នៅ​ពេល​ដែល​ហោរា​ណាថាន់​បាន​មក​ឯ​ទ្រង់ ក្រោយ​ដែល​ទ្រង់​បាន​ចូល​ទៅ​ឯ​នាង​បាត‌សេបា។

1 ឱ​ព្រះ‌អង្គ​អើយសូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំតាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល‌បង្គំ​ចេញដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់

2 សូម​លាង​ទូល‌បង្គំ​ឲ្យ​យ៉ាង​ស្អាតពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ផងសូម​សំអាត​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

3 ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល‌បង្គំ​ហើយឯ​អំពើ​បាប​របស់​ទូល‌បង្គំនោះ​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជានិច្ច

4 ទូល‌បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយគឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផងទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិតក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូលហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ

5 មើល ទូល‌បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិតហើយ​ម្តាយ​ទូល‌បង្គំ​បាន​មាន​ទំងន់បង្កើត​ទូល‌បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ

6 មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុងហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើឲ្យ​ទូល‌បង្គំ​ស្គាល់​ប្រាជ្ញា​ដែរ

7 សូម​ជំរះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុបនោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាតសូម​ដុស​លាង​ទូល‌បង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ

8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយនោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែកនឹង​បាន​អរ​សប្បាយ​វិញ

9 សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ

10 ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល‌បង្គំហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង

11 សូម​កុំ​ចោល​ទូល‌បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូល‌បង្គំ​ឡើយ

12 សូម​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះនៃ​ទ្រង់​ឡើង​វិញហើយ​ទប់‌ទល់​ទូល‌បង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

13 នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលងដូច្នេះ​នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់

14 ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយសូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាមនោះ​អណ្តាត​ទូល‌បង្គំ​នឹង​បន្លឺ​សំឡេងច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

15 ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំនោះ​មាត់​ទូល‌បង្គំ​នឹង​បាន​ប្រកាស​ប្រាប់ពី​សេចក្ដី​សរសើរ​របស់​ទ្រង់

16 ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា​ទេបើ​សព្វ​ព្រះ‌ហឫ‌ទ័យ​វិញនោះ​ទូល‌បង្គំ​នឹង​បាន​ថ្វាយ​ហើយទ្រង់​ក៏​មិន​ពេញ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត​ដែរ

17 ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះនោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច‌ខ្ទាំឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​មិន​មើល‌ងាយ​ចំពោះ​ចិត្ត​ខ្ទេច‌ខ្ទាំហើយ​ទន់‌ទាប​ឡើយ។

18 ៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូនតាម​បំណង​ព្រះ‌ហឫ‌ទ័យ​ដ៏​ល្អ​របស់​ទ្រង់សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង

19 នោះ​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យដោយ​ដង្វាយ​នៃ​សេចក្ដី​សុចរិតគឺ​ជា​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ទាំង​មូល​ផងដូច្នេះ​គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា​នៃ​ទ្រង់។