1 ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រច្រៀកពួកអយ្យកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើនៅសម័យចាស់បុរាណក្នុងជំនាន់គេ
2 គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញដោយព្រះហស្តទ្រង់ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃតែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
3 ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវខ្លួនទេក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរគឺជាព្រះហស្តស្តាំ និងព្រះពាហុទ្រង់ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញដ្បិតទ្រង់បានប្រោសដល់គេ។
4 ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំសូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប
5 យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំដោយនូវព្រះនាមទ្រង់
6 ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ
7 គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
8 យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃហើយនឹងសរសើរដល់ព្រះនាមទ្រង់ ជាដរាបទៅ។ –បង្អង់
9 ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផងក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
10 ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវហើយពួកអ្នកដែលស្អប់យើងខ្ញុំគេរឹបជាន់យករបឹបទៅសំរាប់ខ្លួនគេ
11 ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
12 ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃហើយមិនបានចំរើនទ្រព្យដោយសារដំឡៃរបស់គេទេ។
13 ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំនៀលចំពោះពួកអ្នកជិតខាងជាទីឡកឡឺយហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
14 ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
15 សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ចហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
16 ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយហើយពួកខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹងផង។
17 ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
18 ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19 ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20 ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21 នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអីដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង
22 យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃដោយព្រោះទ្រង់ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។
23 ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើងហេតុអ្វីបានជាទ្រង់នៅផ្ទំលក់សូមទ្រង់តើនឡើងកុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
24 ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រហើយភ្លេចសេចក្ដីវេទនា និងសេចក្ដីទុក្ខលំបាករបស់យើងខ្ញុំ
25 ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
26 សូមទ្រង់តើនឡើងជួយយើងខ្ញុំហើយលោះយើងខ្ញុំ ដោយយល់ដល់សេចក្ដីសប្បុរសរបស់ទ្រង់ផង។