ទំនុក‌ដំកើង 145 KHOV

ព្រះ‌រាជ​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច

ទំនុក​ជា​បទ​សរសើរ​របស់​ស្តេច​ដាវីឌ។

1 ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​លើក​ដំកើង​ទ្រង់ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច

2 ទូល‌បង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ​រាល់ៗ​ថ្ងៃព្រម​ទាំង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​អស់‌កល្ប‌ជានិច្ច

3 ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃលែងឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន

4 មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់ដល់​ដំណ​១​ទៀតព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង

5 ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តមហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ

6 មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាចរបស់​ទ្រង់ឯ​ទូល‌បង្គំ នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ

7 គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យដ៏​ល្អ​ប្រសើរហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

8 ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណានិង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ

9 ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ហើយ​ព្រះ‌ហឫ‌ទ័យ​ទន់​សន្តោស​របស់​ទ្រង់ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន

10 ឱ​ព្រះ‌យេហូវ៉ា​អើយអស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកបដោយ​ព្រះ‌ពរ

11 គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់និង​ពី​តេជា‌នុភាព​របស់​ទ្រង់

12 ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ហើយ​នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់

13 រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ

14 ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួលក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន ឡើង​វិញ

15 ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល

16 ទ្រង់​លា​ព្រះ‌ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង‌ឡាយ

17 ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ

18 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នកដែល​អំពាវ‌នាវ​ដល់​ទ្រង់គឺ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់

19 ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត‌ខ្លាចដល់​ទ្រង់ក៏​នឹង​ឮ​ពាក្យ​អំពាវ‌នាវ​របស់​គេព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង

20 ព្រះ‌យេហូវ៉ា​ទ្រង់​រមែង​ការ‌ពារ​អស់​អ្នកដែល​ស្រឡាញ់​ទ្រង់តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ

21 មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ាគួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធរបស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។