ទំនុក‌ដំកើង 148 KHOV

ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​សរសើរ‌ដំកើង​ព្រះ‌នាម​ព្រះ

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាពី​លើ​ស្ថាន‌សួគ៌ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

2 អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ

3 ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​ដល់​ទ្រង់អស់​ទាំង​ផ្កាយ​ដែល​ភ្លឺ​អើយ ចូរ​សរសើរ​ដល់​ទ្រង់

4 ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយចូរ​សរសើរ​ដល់​ទ្រង់​ចុះហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃទៅ​ទៀត​នោះ

5 គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

6 ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

7 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរនែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​ទី​ជំរៅ​ទាំង​ប៉ុន្មាន

8 អស់​ទាំង​ភ្លើង និង​ព្រិល ហិមៈ និង​ចំហាយ​ទឹកទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់

9 ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន

10 គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារនិង​សត្វ​ស្លាប

11 អស់​ទាំង​ស្តេច​នៅ​ផែនដី និង​បណ្តា‌ជន​ទាំង‌ឡាយពួក​អ្នក​ធំៗ និង​ពួក​ចៅ‌ក្រម​នៅ​ផែនដី

12 ទាំង​មនុស្ស​កំឡោះ និង​ស្រី​ក្រមុំទាំង​ចាស់​ទាំង​ក្មេង​អើយ

13 ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរសិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅ​ទៀត

14 ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើងទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់គឺ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។