1 ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អដល់សាសន៍អ៊ីស្រាអែលគឺដល់អស់អ្នកដែលមានចិត្តត្រចះ
2 តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ
3 ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួតដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ។
4 ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះគឺកំឡាំងគេនៅតែមាំមួនដដែល
5 គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ
6 ហេតុនោះបានជាសេចក្ដីអំនួតរបស់គេប្រៀបដូចជាខ្សែច្រវាក់ពាក់នៅកហើយគេប្រដាប់ខ្លួន ដោយសេចក្ដីច្រឡោត
7 ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើនគេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត
8 គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែងដោយចិត្តអាក្រក់ក៏និយាយដោយពាក្យធំខ្ពស់
9 គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។
10 ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះក៏ផឹកសំរេងទឹកដែលពេញពែងផង
11 គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបានតើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ
12 នេះហើយដែលហៅថាមនុស្សអាក្រក់ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួលបានជាទ្រព្យសម្បត្តិគេចំរើនឡើង
13 យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្តហើយលាងដៃឲ្យឥតមានសៅហ្មងនោះឥតប្រយោជន៍ទទេ
14 ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
15 ៙ បើសិនជាទូលបង្គំបានពោលថាអញនឹងនិយាយដូច្នេះដែរនោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ
16 កាលទូលបង្គំបានពិចារណាដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះនោះក៏ពិបាកដល់ទូលបង្គំណាស់
17 ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះហើយបានពិចារណាពីចុងបំផុតរបស់គេ
18 ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥលទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស
19 យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះគេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
20 នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើងឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើងនោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
21 ៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកំរើកក្នុងចិត្តហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម
22 នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅគឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់
23 ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ចទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ
24 ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ
25 ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
26 ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបានប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ។
27 ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់គេនឹងត្រូវវិនាសទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
28 ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះនោះជាការល្អដល់ទូលបង្គំទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។