1 ឱព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ
2 ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
3 ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
4 ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅហើយយកសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញ
5 ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯងបានស្កប់ស្កល់ដោយរបស់ល្អប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី
6 ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិតហើយនឹងសេចក្ដីយុត្តិធម៌ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
7 ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការរបស់ទ្រង់ដែរ
8 ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណាហើយនឹងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
9 ទ្រង់នឹងមិនបន្ទោសជាដរាបក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10 ទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
11 ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណាសេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
12 ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
13 ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14 ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើងក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
15 ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅគេរីកឡើងដូចជាផ្កានៅទីវាល
16 ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅហើយកន្លែងនោះមិនស្គាល់វាទៀត
17 តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅតាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ចចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ
18 គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់និងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់ដើម្បីនឹងប្រព្រឹត្តតាម
19 ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
20 ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតារបស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំងហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
21 ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវាររបស់ទ្រង់អើយជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
22 អស់ទាំងស្នាដៃរបស់ទ្រង់អើយចូរសរសើរដល់ព្រះយេហូវ៉ានៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាចព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។