1 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយអស់ទាំងទីដែលទ្រង់ស្ថិតនៅនោះគួរស្រឡាញ់ណាស់ហ្ន៎
2 ព្រលឹងទូលបង្គំរឭកអើ ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ាចិត្ត និងសាច់ឈាមទូលបង្គំស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ
3 ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រហើយជាព្រះនៃទូលបង្គំអើយទោះទាំងចាបក៏រកទីនៅបានហើយសត្វត្រចៀកកាំ ក៏បានសំបុកសំរាប់ខ្លួនជាកន្លែងដែលដាក់កូនបានដែរគឺជាអាសនានៃទ្រង់
4 មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅក្នុងដំណាក់ទ្រង់គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់
5 ៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំងរបស់ខ្លួនជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ
6 កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោកក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរអើ ទឹកភ្លៀងក៏គ្របដោយពរដែរ
7 ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរគ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន
8 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយសូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់
9 ៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមកសូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
10 ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់នោះវិសេសជាង១ពាន់ថ្ងៃណាទៀតទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារនៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់
11 ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យហើយជាខែលព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយសទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វីដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ
12 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយមនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។