ទំនុក‌ដំកើង 6 KHOV

ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូល‌បង្គំ តែ​សូម កុំ​ដាក់​ទោស​ទូល‌បង្គំ​ឡើយ

ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​៨។

1 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ឃោរ‌ឃៅនោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូល‌បង្គំ​ឡើយ

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​ខ្សោយឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជាដ្បិត​ឆ្អឹង​ទូល‌បង្គំ​ញ័រ​រន្ធត់

3 ព្រលឹង​ទូល‌បង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញហើយ​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួចសូម​ទ្រង់​ជួយ​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់​សេចក្ដី​សប្បុរស​នៃ​ទ្រង់

5 ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយនៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់

6 ទូល‌បង្គំ​អស់​កំឡាំង ដោយ​ថ្ងូរដំណេក​ទូល‌បង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​ស្រោច​ដាប​គ្រែ

7 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយក៏​ទៅ​ជា​ចាស់ ដោយ​ព្រោះ​ពួក​ដែល​ត​តាំង​នឹង​ទូល‌បង្គំ។

8 ៙ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយចូរ​ថយ​ចេញ​ពី​អញ​ទៅដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​សំឡេង​អញ​យំ

9 ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​អញ​ទូល‌អង្វរ​ហើយព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ពាក្យ​ដែល​អញ​អធិស្ឋាន​ផង

10 អស់​ពួក​ខ្មាំង​សត្រូវ​របស់​អញ​នឹង​ត្រូវ​អៀន‌ខ្មាសហើយ​ថប់​បារម្ភ​ជា​ខ្លាំង គេ​នឹង​ថយ​ចេញព្រម​ទាំង​មាន​សេចក្ដី​ខ្មាស​ភ្លាម​១​រំពេច។