1 ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ាចូរឲ្យជនទាំងឡាយនៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
2 ចូរច្រៀងថ្វាយព្រះយេហូវ៉ាហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់តែថ្ងៃតទៅ
3 ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ហើយពីការអស្ចារ្យរបស់ទ្រង់នៅកណ្តាលបណ្តាជនទាំងឡាយ
4 ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយក៏គួរសរសើរណាស់ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
5 ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារបស់ឥតប្រយោជន៍តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
6 កិត្តិយស និងតេជានុភាពនៅចំពោះទ្រង់ឥទ្ធិឫទ្ធិ និងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
7 ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាអស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អនិងព្រះចេស្តា
8 ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អចូរនាំយកដង្វាយចូលមកក្នុងទីលានរបស់ទ្រង់
9 ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធឱផែនដីទាំងមូលអើយចូរញាប់ញ័រនៅចំពោះទ្រង់ចុះ
10 ចូរពោលនៅកណ្តាលអស់ទាំងសាសន៍ថាព្រះយេហូវ៉ាគ្រប់គ្រងឯលោកីយ៍ ក៏បានតាំងមាំមួននៅ និងរង្គើមិនបានឡើយទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់
11 ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរហើយឲ្យផែនដីបានរីករាយឡើងឲ្យសមុទ្រលាន់ឮរំពងឡើងព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
12 ចូរឲ្យស្រែចំការ និងរបស់ទាំងប៉ុន្មាន ដែលមាននៅទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែងនោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀងដោយអំណរដែរ
13 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមកគឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដីទ្រង់នឹងជំនុំជំរះលោកីយ៍ ដោយសេចក្ដីសុចរិតព្រមទាំងសាសន៍ទាំងប៉ុន្មានដោយសេចក្ដីពិតត្រង់របស់ទ្រង់។