ទំនុក‌ដំកើង 109 KHOV

សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ

ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ​នៃ​សេចក្ដី​សរសើររបស់​ទូល‌បង្គំ​អើយសូម​ទ្រង់​កុំ​គង់​ស្ងៀម​ស្ងាត់​ឡើយ

2 ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់ នឹង​មាត់​មាយាបាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយគេ​បាន​និយាយ​នឹង​ទូល‌បង្គំ ដោយ​អណ្តាត​កំភូត

3 គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ ដោយ​ពាក្យ​សំអប់ក៏​ត‌យុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

4 គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំប៉ុន្តែ​ទូល‌បង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ

5 គេ​បាន​សង​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អហើយ​ស្នង​សេចក្ដី​សំអប់ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ

6 សូម​ទ្រង់​តាំង​អ្នក​អាក្រក់​ឲ្យ​គ្រប់‌គ្រង​លើ​វាហើយ​ឲ្យ​សាតាំង​ឈរ​នៅ​ខាង​ស្តាំ​វា

7 កាល​ណា​វា​ត្រូវ​ជំនុំ‌ជំរះ នោះ​សូម​ឲ្យ​វា​មាន​ទោសហើយ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​វា​ត្រឡប់​ជា​អំពើ​បាប​វិញ

8 សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​បាន​ខ្លី​ចុះហើយ​ឲ្យ​មាន​ម្នាក់​ទៀត​ទទួល​យក​ការ‌ងារ​របស់​វា

9 សូម​ឲ្យ​កូន​ចៅ​វា​នៅ​ជា​កំព្រា​ឪពុកហើយ​ឲ្យ​ប្រពន្ធ​វា​នៅ​ជា​មេម៉ាយ

10 សូម​ឲ្យ​កូន​ចៅ​វា​ធ្វើ​ជា​មនុស្ស​អាវាសែ​ទាំង​ដើរ​សុំ​ទានឲ្យ​គេ​រក​ស៊ី​តាម​ទី​ច្រក​ល្ហក​របស់​គេ

11 សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​យក​របស់​វា​ទាំង​អស់​ទៅហើយ​ឲ្យ​មនុស្ស​ដទៃ​ដណ្តើម​យក​ផល​នៃ​ការ​របស់​វា

12 សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ​ដល់​កូន​កំព្រា​របស់​វា​ដែរ

13 សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញលុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះវា​ត្រូវ​សូន្យ​បាត់​ទៅ

14 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិតរបស់​ពួក​អយ្យកោ​វាហើយ​កុំ​ឲ្យ​បាប​របស់​ម្តាយ​វា​ត្រូវ​លុប​ចេញ​ឡើយ

15 សូម​ឲ្យ​សេចក្ដី​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ចដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តាច់​សេចក្ដី​នឹក​ចាំ​ពី​គេ​ចេញ​ពី​ផែនដី​ទៅ

16 ពី​ព្រោះ​វា​មិន​បាន​នឹក​ចាំ​នឹង​សំដែង​សេចក្ដី​មេត្តា​ទេគឺ​បាន​សង្កត់‌សង្កិន​មនុស្ស​ក្រ​លំបាកនិង​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​វិញដើម្បី​នឹង​សំឡាប់​គេ​បង់

17 អើ វា​បាន​ចូល​ចិត្ត​នឹង​ការ​ជេរ​ប្រទេចហើយ​ការ​នោះ​ក៏​កើត​មក​ដល់​ខ្លួន​វាវា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេហើយ​ការ​នោះ​ក៏​នៅ​ឆ្ងាយ​ពី​វា

18 វា​បាន​ប្រដាប់​ខ្លួន ដោយ​ការ​ជេរ​ប្រទេច ដូច​ជា​ពាក់​អាវហើយ​ការ​នោះ​ក៏​ចូល​ទៅ​ដល់​ខាង​ក្នុង​វា​ដូច​ជា​ទឹកហើយ​បាន​ជ្រាប​ទៅ​ក្នុង​ឆ្អឹង​វា​ដូច​ជា​ប្រេង

19 សូម​ឲ្យ​ការ​នោះ​បាន​សំរាប់​វា ដូច​ជា​សំលៀក‌បំពាក់ដែល​វា​តែង​ស្លៀក‌ពាក់ហើយ​ជា​ខ្សែ​ក្រវាត់​ដែល​វា​រឹត​នៅ​ចង្កេះ​ជានិច្ច​ដែរ

20 នេះ​ហើយ​ជា​រង្វាន់ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹងនៃ​ទូល‌បង្គំ​ដែរ

21 តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច ដោយ​ព្រោះ​សេចក្ដីសប្បុរស​ដ៏​ប្រសើរ​របស់​ទ្រង់

22 ដ្បិត​ទូល‌បង្គំ​ជា​អ្នក​ក្រ​លំបាក ហើយ​កំសត់​ទុគ៌តហើយ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​មាន​របួស​ផង

23 ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅទូល‌បង្គំ​ត្រូវ​គេ​ដេញ​ចុះ​ឡើង​ដូច​ជា​កណ្តូប

24 ក្បាល​ជង្គង់​នៃ​ទូល‌បង្គំ​ញ័រ ដោយ​តម​អាហារហើយ​រូប​សាច់​ទូល‌បង្គំ​ក៏​ស្គម‌ស្គាំង​ទៅ

25 ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល​ដល់​គេកាល​ណា​គេ​ប្រទះ​ឃើញ​ទូល‌បង្គំ នោះ​គេ​គ្រវី​ក្បាល

26 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ជួយ​ទូល‌បង្គំ​ផងឱ​សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរស​នៃ​ទ្រង់

27 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា ការ​នេះ​គឺ​ជា​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទេគឺ​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​បាន​ធ្វើ​ការ​នេះ

28 ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​សូម​ទ្រង់​ប្រទាន​ពរ​វិញកាល​ណា​គេ​លើក​គ្នា​ឡើង នោះ​គេ​នឹង​ត្រូវ​មានសេចក្ដី​ខ្មាសតែ​អ្នក​បំរើ​ទ្រង់​នឹង​អរ​សប្បាយ​វិញ

29 សូម​ឲ្យ​ពួក​សត្រូវ​នៃ​ទូល‌បង្គំ បាន​ត្រូវ​ប្រដាប់​ខ្លួនដោយ​សេចក្ដី​អាប់‌យសឲ្យ​គេ​គ្រលុំ​ខ្លួន ដោយ​សេចក្ដី​អាម៉ាស់​ខ្មាសដូច​ជា​ពាក់​អាវ

30 មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃលែងអើ ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់នៅ​កណ្តាល​ជន​ទាំង‌ឡាយ

31 ដ្បិត​ទ្រង់​ឈរ​នៅ​ខាង​ស្តាំ​នៃ​មនុស្ស​កំសត់​ទុគ៌តដើម្បី​នឹង​ជួយ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រកាន់​ទោសចំពោះ​ព្រលឹង​គេ។