1 ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្តច្បាប់នៃទ្រង់មកទូលបង្គំជាស្តេចហើយសេចក្ដីសុចរិតនៃទ្រង់ដល់ព្រះរាជបុត្រាផង
2 ឲ្យព្រះរាជបុត្រាបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះដោយសុចរិតហើយលើពួកក្រីក្រដោយទៀងត្រង់
3 នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្ដីសុខដល់បណ្តាជនដោយសេចក្ដីសុចរិត
4 សូមឲ្យទ្រង់បានសំរេចក្តី ដល់ពួកកំសត់ក្នុងបណ្តាជនហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
5 ៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
6 សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាលដែលច្រូតស្មៅហើយគឺដូចជាភ្លៀង១មេៗដែលស្រោចដី
7 នៅក្នុងគ្រាព្រះរាជបុត្រានោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើងហើយនឹងមានសេចក្ដីសុខជាបរិបូរដរាបដល់ព្រះចន្ទរលត់សូន្យទៅ។
8 ៙ ទ្រង់នឹងមានអំណាចចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាងហើយពីទន្លេ រហូតដល់ទីបំផុតផែនដី
9 ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថានគេនឹងក្រាបចុះនៅចំពោះទ្រង់ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
10 ពួកក្សត្រនៃស្រុកតើស៊ីស និងកោះទាំងប៉ុន្មាននឹងថ្វាយសួយអាករពួកក្សត្រនៃស្រុកសេបានិងស្រុកសាបានឹងថ្វាយគ្រឿងបណ្ណាការដែរ
11 អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះនៅចំពោះទ្រង់ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ
12 ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង
13 ទ្រង់នឹងមានសេចក្ដីអាណិតមេត្តាដល់មនុស្សរហេមរហាម និងមនុស្សទុគ៌តក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង
14 ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននិងការច្រឡោតឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។
15 ៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ចហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
16 ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុករហូតដល់កំពូលភ្នំឯគួរស្រូវ នោះនឹងទ្រេតចុះឡើងដូចជាដើមឈើនៅភ្នំល្បាណូនហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុងដូចជាស្មៅនៅដីដែរ
17 នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាបគឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។
18 ៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះគឺជាព្រះនៃសាសន៍អ៊ីស្រាអែលជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
19 សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ចសូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់អាម៉ែនៗ។
20 ៙ ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយចប់តែប៉ុណ្ណេះ។