ទំនុក‌ដំកើង 59 KHOV

សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ!

ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ «សូម​កុំ​បំផ្លាញ» ក្នុង​កាល​ដែល ស្តេច​សូល​ចាត់​គេ​ទៅ​ឈ្លប​លប​នៅ​ឯ​ផ្ទះ ដើម្បី​នឹង​សំឡាប់​ទ្រង់ សំរាប់​មេ​ភ្លេង

1 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ជួយ​ឲ្យទូល‌បង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវសូម​ការ‌ពារ​ឲ្យ​រួច​ពី​ពួក​អ្នកដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ

2 សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួចពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួចពី​មនុស្ស​ដែល​កំចាយ​ឈាម

3 ដ្បិត​មើល ឱ​ព្រះ‌យេហូវ៉ា​អើយគេ​លប​ចាប់​ជីវិត​ទូល‌បង្គំពួក​មនុស្ស​ខ្លាំង​ពូកែ​គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំមិន​មែន​ដោយ​ព្រោះ​អំពើ​រំលងឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ

4 គេ​រត់​មក​ត្រៀម​ខ្លួន ឥត​ទូល‌បង្គំ​ធ្វើ​ខុស​អ្វី​ផងសូម​ទ្រង់​តើន​ឡើង​មក​ជួយ​ទូល‌បង្គំហើយ​ពិចារណា​មើល

5 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារគឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយសូម​ទ្រង់​តើន​ឡើង​មក​ដាក់​ទោស​ដល់​ពួក​សាសន៍​ដទៃសូម​កុំ​អាណិត​មេត្តា​ដល់​អ្នក​ណា​មួយដែល​រំលង​ដោយ​កាច​អាក្រក់​ឡើយ។ –បង្អង់

6 ៙ គេ​ត្រឡប់​មក​វិញ​រាល់​តែ​ល្ងាចគេ​លូ​ដូច​ជា​ឆ្កែ ព្រម​ទាំង​ដើរ​ក្រវែល​ទី​ក្រុង

7 មើល គេ​ភើ​ចេញ​មក​ពី​មាត់​គេក៏​មាន​ដាវ​នៅ​បបូរ​មាត់ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ

8 តែ​ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​នឹង​សើច​ឡក​ឲ្យ​គេទ្រង់​នឹង​ចំអក​ឲ្យ​ពួក​សាសន៍​ដទៃ​ទាំង​អស់​ផង

9 ហេតុ​ដោយ​ព្រោះ​គេ​មាន​កំឡាំង​ខ្លាំងបាន​ជា​ទូល‌បង្គំ​សំឡឹង​មើល​ដល់​ទ្រង់ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំ

10 ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​នឹង​យាង​មក​ប្រោសដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ទ្រង់​នឹង​ឲ្យ​ទូល‌បង្គំ​ឃើញ​បំណង​ចិត្តធ្លាក់​លើ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ

11 សូម​កុំ​សំឡាប់​គេ ក្រែង​រាស្ត្រ​ទូល‌បង្គំ​ភ្លេចតែ ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយសូម​កំចាត់‌កំចាយ​គេដោយ​ព្រះ‌ចេស្តា​ទ្រង់ ហើយ​ទំលាក់​គេ​ចុះ​វិញ

12 សូម​ឲ្យ​គេ​ជាប់​ទោស ដោយ​សេចក្ដី​អំនួត​របស់​គេដោយ​ព្រោះ​បាប​របស់​មាត់​គេនិង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់ព្រម​ទាំង​សេចក្ដី​បណ្តាសា និង​សេចក្ដី​ភូត‌ភរដែល​គេ​ពោល​នោះ​ផង

13 សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ​ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុបរហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់

14 ៙ នោះ​ឲ្យ​គេ​ត្រឡប់​មក​លូ​រាល់​តែ​ល្ងាច​ដូច​ជា​ឆ្កែឲ្យ​គេ​ដើរ​ក្រវែល​ទី​ក្រុង​ចុះ

15 គេ​នឹង​ដើរ​ចុះ​ឡើង​រក​អាហារហើយ​បើ​គេ​មិន​បាន​ឆ្អែតនោះ​ឲ្យ​គេ​អាស្រ័យ​ដរាប​ដល់​ភ្លឺ​ទៀត

16 តែ​ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាងនោះ​ទូល‌បង្គំ​នឹង​បន្លឺ​សំឡេងច្រៀង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា

17 ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំក៏​ប្រកប​ដោយ​មេត្តា‌ករុណា​ចំពោះ​ទូល‌បង្គំ​ផង។